ព័ត៌មានជាតិ

បណ្ឌិត កៅ ថាច អញ្ចើញចូលរួមជំនួបសហគ្រិនវ័យក្មេងលើកទី២ ក្រោមប្រធានបទស្វែងយល់ពីជម្រើសហិរញ្ញប្បទានទ្រទ្រង់អាជីវកម្ម

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែឧសភា ឆ្នាំ២០២៥នេះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ចើញចូលរួមក្នុងកម្មវិធីជំនួបសហគ្រិនវ័យក្មេងលើកទី២ ក្នុងឆ្នាំ២០២៥ ស្តីពីការស្វែងយល់ពីជម្រើសហិរញ្ញប្បទានទ្រទ្រង់អាជីវកម្ម ដែលរៀបចំសហការដោយសមាគមសហគ្រិនវ័យក្មេង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា។

ពិធីនេះរៀបចំឡើងនៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ភ្នំពេញ ដែលមានអ្នកអញ្ចើញចូលរួម ដោយឧកញ៉ា ប៉ិច ប៉ូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា, លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា , លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសផ្សេងទៀតប្រមាណជាង២០០នាក់។

នៅក្នុងឱកាសនោះផងដែរ, លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មមានប្រសាសន៍ថា ការរៀបចំនូវកម្មវិធីជំនួបសហគ្រិនវ័យក្មេងលើកទី​២ ដ៏មានសារៈសំខាន់នាថ្ងៃនេះ គឺ ពិតជាបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលជារឿយៗ តែងតែបង្កើតនូវកម្មវិធីនានា ដើម្បីគាំទ្រដល់សហគ្រិននៅក្នុងប្រទេសកម្ពុជា។

មុននឹងបញ្ចប់ លោកបណ្ឌិត កៅ ថាច ក៏បានបង្ហាញនូវជំហររបស់ធនាគារ ARDB ក្នុងការបន្តគាំទ្រផ្តល់សេវាធនាគារ ជាពិសេសការផ្តល់ឥណទានដល់សហគ្រាសធុនមីក្រូ តូច មធ្យម និងធំ, សហគ្រិនវ័យក្មេងដែលមាននវានុវត្តន៍ថ្មីៗ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប, ព្រមទាំងសហគ្រាសដែលគាំទ្រដល់ដំណើរឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។ លោកបណ្ឌិតបានសង្ឃឹមថា កិច្ចពិភាក្សាស្ដីពី “ស្វែងយល់ពីជម្រើសហិរញ្ញប្បទានទ្រទ្រង់អាជីវកម្ម Unlocking Financing Options for Cambodian Enterprises” ដោយមានការចូលរួមពីវាគ្មិនជំនាញដែលមានបទពិសោធក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ នឹងផ្តល់នូវឧត្តមានុវត្តន៍ និងជម្រើសឧបករណ៍ហិរញ្ញវត្ថុថ្មីៗ ដែលមានលក្ខណៈនវានុវត្តន៍ដល់សហគ្រាស ព្រមទាំងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពប្រកបដោយវិបុលភាព និងចីរភាព។

គួរបញ្ជាក់ផងដែរ ព្រឹត្តិការណ៍ជំនួបសហគ្រិនវ័យក្មេងលើកទី២នេះ ដើម្បីផ្តល់ចំណេះដឹងដល់ម្ចាស់សហគ្រាសក្នុងស្រុកក្នុងការទទួលបានហិរញ្ញប្បទានក្នុងអាជីវកម្ម ហើយកម្មវិធីនេះនឹងរៀបចំជាបន្តបន្ទាប់ទៀតរហូតដល់ចុងឆ្នាំ២០២៥ ដោយទទួលបានការចូលរួមឧបត្ថម្ភព្រឹត្តិការណ៍ពីធនាគារ ARDB ផងដែរ៕

To Top