នាព្រឹកថ្ងៃទី៨ ឧសភា តាមម៉ោងក្នុងតំបន់ លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី បានជួបពិភាក្សាជាមួយលោក Xi Jinping ប្រធានរដ្ឋចិន នៅវិមានក្រឹមឡាំង ក្នុងទីក្រុងម៉ូស្គូ។
លោក Xi Jinping បានសម្តែងក្តីសោមនស្សរីករាយដែលបានបំពេញទស្សនកិច្ចម្តងទៀតនៅប្រទេសរុស្ស៊ីតាមការអញ្ជើញរបស់លោក Putin ព្រមទាំងចូលរួមក្នុងពិធីរំលឹកខួប៨០ ឆ្នាំនៃថ្ងៃជ័យជម្នះក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យរបស់សហភាពសូវៀត។
លោក Xi Jinping បានបន្តថា ឆ្នាំនេះ ជាខួប ៨០ឆ្នាំ នៃថ្ងៃជ័យជម្នះរបស់ប្រជាជនចិនក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមស្នេហាជាតិដ៏អស្ចារ្យរបស់សហភាពសូវៀត ក៏ដូចជាសង្រ្គាមប្រឆាំងពួកហ្វាស៊ីសពិភពលោក ។ កាលពី ៨០ឆ្នាំមុន ប្រជាជនចិន និងរុស្ស៊ីបានធ្វើការលះបង់ដ៏ធំធេងដើម្បីទទួលបានជ័យជម្នះដ៏អស្ចារ្យ និងបានរួមចំណែកជាប្រវត្តិសាស្ត្រក្នុងការគាំពារសន្តិភាពពិភពលោក និងវឌ្ឍនភាពរបស់មនុស្សជាតិ។
នាពេលបច្ចុប្បន្ន ប្រឈមមុខនឹងការងើបឡើងនៃឯកតោភាគីនិយម ទង្វើអនុត្តរភាព និងការបើ្រអំណាចជិះជាន់លើផ្ទៃអន្តរជាតិ ប្រទេសចិននឹងធ្វើការជាមួយរុស្ស៊ី ដើម្បីបំពេញទំនួលខុសត្រូវពិសេសក្នុងនាមជាប្រទេសធំលើពិភពលោក និងជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីគាំពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍របស់ប្រទេសចិន រុស្ស៊ី និងប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជាធ្វើការរួមគ្នាដើម្បីជំរុញការកសាងពិភពលោកពហុប៉ូលប្រកបដោយសមភាពនិងមានសណ្តាប់ធ្នាប់ និងការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាបន្ន៕
