ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃកម្ពុជា និងគណៈកម្មាធិការត្រួតពិនិត្យសន្តិសុខ អាមេរិក-ចិន បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យពាក់ព័ន្ធ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី រីវ៉ា ប្រាយ (Reva Price) ប្រធានគណៈកម្មាធិការត្រួតពិនិត្យសន្តិសុខ និងសេដ្ឋកិច្ចអាមេរិក-ចិន បានជួបពិភាក្សាគ្នាទ្វេភាគី នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ដោយក្នុងជំនួបនោះ ភាគីទាំងពីរ បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា ប្រកបដោយភាពជិត ស្និទ្ធអំពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យពាក់ព័ន្ធ។

ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានសម្ដែងនូវការអបអរសាទរចំពោះ លោកស្រី ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យសន្តិសុខ និងសេដ្ឋកិច្ចអាមេរិក-ចិន សម្រាប់អាណត្តិទី២ ដែលជាតួនាទីស័ក្តិសមនឹង បទពិសោធន៍ និងស្នាដៃជាច្រើនរបស់ លោកស្រី និងបានសម្តែងនូវការ អបអរសាទរខួបលើកទី៧៥ នៃទំនាក់ទំនង ការទូតរវាងកម្ពុជា និងអាមេរិក ដែលឆ្នាំនេះភាគីទាំងពីរ បានឯកភាព ក្នុងការប្រារព្ធកម្មវិធីផ្សេងៗ ដើម្បីអបអរសាទរ ខួបដ៏មានអត្ថន័យនេះ។

ក្នុងក្របខ័ណ្ឌអាស៊ាន លោកឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ប្រទេសកម្ពុជា ក៏ជាប្រទេសសម្របសម្រួល ទំនាក់ទំនងដៃគូសន្ទនា កម្ពុជា-អាមេរិក ឆ្នាំ២០២៤-ឆ្នាំ២០២៧ ដែលតួនាទីនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់លើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងរវាងអាស៊ាន និងសហរដ្ឋអាមេរិក»។

ជាការឆ្លើយតប លោកស្រី រីវ៉ា ប្រាយ (Reva Price) បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីកម្ពុជា ក្នុងការបន្តការលើកកម្ពស់កិច្ច សហប្រតិបត្តិការរវាងអង្គភាព អនុវត្តច្បាប់នៃប្រទេសទាំងពីរ ជាពិសេសការផ្លាស់ប្ដូរ ព័ត៌មានពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងបទល្មើសជួញដូរមនុស្ស គ្រឿងញៀន ភេរវកម្ម អំពើជួញដូរផ្លូវភេទ និងការការពារអនីតិជន ជាដើម៕

To Top