ព័ត៌មានអន្តរជាតិ

ដាណឺម៉ាក កោះហៅបេសកជន អាមេរិក ជុំវិញការរាយការណ៍ថា ចារកម្មអាមេរិក ផ្តោតលើតំបន់ហ្គ្រីនឡែន

អូស្លូ៖ ក្រសួងការបរទេសដាណឺម៉ាក បានកោះហៅឯកអគ្គរដ្ឋទូតស្តីទីរបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចប្រជុំមួយ ជុំវិញរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលបង្ហាញពីការកើនឡើង នៃប្រតិបត្តិការស៊ើបការណ៍ សម្ងាត់អាមេរិក នៅក្នុងតំបន់ហ្គ្រីនឡែន ។

កិច្ចប្រជុំជាមួយឯកអគ្គរដ្ឋទូត ស្តីទីសហរដ្ឋអាមេរិក ប្រចាំប្រទេសដាណឺម៉ាកលោក Jennifer Hall Godfrey បានធ្វើឡើងនៅទីក្រុងកូផេបហាហ្គែន ហើយមានតំណាងមកពីរដ្ឋាភិបាល របស់តំបន់ Greenland ផងដែរ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការផ្តោតសំខាន់នៃកិច្ចប្រជុំ គឺជាអត្ថបទនៅក្នុង Wall Street Journal: US Orders Intelligence Agency to Step Up Spying on Greenland” ដែលមានន័យថា អាមេរិកបានបញ្ជាឲ្យភ្នាក់ងារស៊ើបការណ៍សម្ងាត់ បង្កើនការស៊ើបការណ៍ លើតំបន់ហ្គ្រីនឡែន។

របាយការណ៍ដែលបាន ចេញផ្សាយបានឲ្យដឹងថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក ត្រូវបានដឹកនាំ ដើម្បីកំណត់អត្តសញ្ញាណបុគ្គល នៅក្នុងតំបន់ហ្គ្រីនឡែន និងដាណឺម៉ាក ដែលស្របតាមផលប្រយោជន៍ យុទ្ធសាស្ត្ររបស់អាមេរិក ទាក់ទងនឹងកោះអាកទិក។ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាកលោក Lars Lokke Rasmussen បានសង្កត់ធ្ងន់ថា ប្រទេសដាណឺម៉ាក បានសម្តែងការព្រួយបារម្ភ របស់ខ្លួនយ៉ាងច្បាស់ ចំពោះសហរដ្ឋអាមេរិក។

លោក Rasmussen បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីកិច្ចប្រជុំថា “គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីធ្វើឱ្យជំហរ របស់ដាណឺម៉ាក មានភាពច្បាស់លាស់ទាំងស្រុង។ វាជាការចាប់អារម្មណ៍របស់យើង ដែលឯកអគ្គរដ្ឋទូតស្តីទី បានយកចិត្តទុកដាក់ចំពោះបញ្ហានេះ” ។ ទោះយ៉ាងណា លោកបានបន្ថែមថា កិច្ចប្រជុំមិនបានផ្ទៀងផ្ទាត់ ការអះអាងរបស់អត្ថបទ ដែលបានចុះផ្សាយនោះទេ។

គួរបញ្ជាក់ថា តំបន់ហ្រ្គីនឡែន ដែលធ្លាប់ជាអាណា និគមរបស់ដាណឺម៉ាក បានក្លាយជាផ្នែកសំខាន់មួយ នៃរបស់ប្រទេស ដាណឺម៉ាកក្នុងឆ្នាំ ១៩៥៣ តំបន់នេះត្រូវបានផ្តល់ការ គ្រប់គ្រងឲ្យម្ចាស់ផ្ទះ នៅក្នុងឆ្នាំ១៩៧៩ ដោយពង្រីកស្វ័យភាព របស់ខ្លួន ទោះបីជាប្រទេសដាណឺម៉ាក រក្សាការគ្រប់គ្រងលើកិច្ចការបរទេស និងការពារជាតិក៏ដោយ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top