ព័ត៌មានជាតិ

សម្តេចធិបតី៖ ការអប់រំ ត្រូវបានចាត់ទុកជា កត្តាកំណត់ដ៏សំខាន់ នៃសុខមាភាពសេដ្ឋកិច្ច

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការអប់រំ ត្រូវបានចាត់ទុកជាកត្តាកំណត់ដ៏សំខាន់ នៃសុខមាភាពសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ច ជាក់ស្តែងមានឥទ្ធិពលវិជ្ជមាន​ លើកំណើនសេដ្ឋកិច្ច តាមរយៈយន្តការចំនួន ៣។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអគារអន្តេវាសិកដ្ឋាន “តេជោសន្តិភាព” និងសមិទ្ធផលនានា​ ក្នុងវត្តស្វាយពពែ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានគូសបញ្ជាក់ថា ទី១ គឺការអប់រំបង្កើនមូលធនមនុស្ស នៅក្នុងកម្លាំងពលកម្មសរុបជាតិ ដែលជាកត្តាចាំបាច់បង្កើនផលិតភាពពលកម្ម និងជំរុញកំណើនឆ្ពោះទៅកម្រិតថ្មីមួយទៀត ។ ទី២ ការអប់រំ​បង្កើនសមត្ថភាព ក្នុងការធ្វើនវានុវត្តន៍ក្នុងសេដ្ឋកិច្ច ព្រមទាំងបង្កើនចំណេះដឹង សម្រាប់ចាប់យកបច្ចេកវិទ្យាថ្មីៗ និងការអភិវឌ្ឍផលិតផលថ្មី ដើម្បីជួយលើកកម្ពស់កំណើនសេដ្ឋកិច្ច និងទី៣ ការអប់រំ ជួយសម្រួលដល់ការផ្ទេបច្ចេកវិទ្យា និងចំណេះដឹងថ្មីៗទៀត ដែលជាកត្តាទាំងនេះ ជួយបង្កើនផលិតភាព និងការជំរុញសេដ្ឋកិច្ច ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសមត្ថភាពខ្ពស់ គឺពិតជាធ្វើឱ្យប្រទេសជាតិយើង ធានាបាននូវ ការប្រកួតប្រជែងប្រកបដោយជោគជ័យ និងគ្រប់បរិក្ខាទាំងអស់ ។ នេះគឺជាកត្តាកំណត់នៃសមត្ថភាព របស់ប្រទេសជាតិមួយ នៅក្នុងការធានានូវភាពប្រកួតប្រជែង ការធ្វើពិពិតកម្មនៃសេដ្ឋកិច្ច” ។

បន្ថែមលើនេះ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ធនធានមនុស្ស មិនបានកំណត់ថា ក្នុងលក្ខណៈគ្រួសារ លក្ខណៈសង្គមជាតិ តែងតែផ្តល់ការយកចិត្តទុកដាក់ជាធំ ដែលសម្តេចធិបតី តែងតែថ្លែងជារើយៗថា មិនថាឪពុកម្តាយជាអ្នកក្រ ឬអ្នកមាន ឬជនបទដាច់ស្រយ៉ាល តែងតែខិតខំឱ្យកូនៗបានសិក្សារៀនសូត្រ ដោយសារប្រជាជនយល់ឃើញថា មានតែចំណេះដឹងទេ ទើបមាននិរន្តរភាព៕

To Top