ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបោះឆ្នោតជ្រើសរើស ប្រធានការិយាល័យ ប្រជាពលរដ្ឋ ចំនួន ១រូប ដើម្បីបំពេញ ការងារ នៅការិយាល័យ ប្រជាពលរដ្ឋ រាជធានីភ្នំពេញ ក្នុងតួនាទីទទួល និងសម្រុះសម្រួលដោះស្រាយ បណ្ដឹងក្រៅ ប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ក្នុងគោលបំណង លើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព សំដៅបង្កើនជំនឿទុកចិត្ត របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ការបោះឆ្នោតនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

គណៈកម្មាធិការ នៃការបោះឆ្នោតនាព្រឹកនេះ មានចំនួន៣៥លើ៤២រូប ដែលសមាសភាពរបស់គណៈកម្មាធិការនេះ មកពីក្រុមប្រឹក្សារាជធានីភ្នំពេញ សមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់ រាជធានីភ្នំពេញ តំណាងសភាពាណិជ្ជកម្មកម្ពុជា និងតំណាងអង្គការ-សមាគមសង្គមស៊ីវិលជាតិក្នុងស្រុក។

បេក្ខជននៃការបោះឆ្នោតនេះ មានចំនួន២រូប គឺ១លោក ឌី រតនា និងទី២លោក លន់ សុភាព ។ ចំពោះលទ្ធផល នៃការបោះឆ្នោត បានទៅលើលោក លន់ សុភាព ដែលមានសំលេងឆ្នោត ចំនួន២៤លើ១១សំលេង ខណៈដែលលោក ឌី រតនា លេខរៀងទី១ ទទួលបានតែ១១សំលេង។

គួរបញ្ជាក់ថា លោ ឌី រតនា អាយុ៣៩ឆ្នាំ ឈរលេខរៀងទី១ មានកំរិតវប្បធម៌ ថ្នាក់បតិញ្ញាបត្រជាន់ខ្ពស់ «គ្រប់គ្រង និងផែនការអប់រំ» និងទី២លោក លន់ សុភាព អាយុឆ្នាំ៣៩ឆ្នាំ ឈរលេខរៀងទី២ មានកំរិតវប្បធម៌ ថ្នាក់បរិញ្ញាបត្រសង្គមសាស្រ្ត និង មនុស្សសាស្ត្រ និងនិតិសាស្រ្ត ៕





