បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTឥណ្ឌាបានសម្រេច បាននូវការវាយប្រហារប្រព័ន្ធការពារ ដែនអាកាសនៅតាមទីតាំងផ្សេងៗគ្នា ទូទាំងប្រទេសប៉ាគីស្ថាន ដើម្បីឆ្លើយតបទៅនឹងការប៉ុនប៉ង របស់ទីក្រុងអ៊ីស្លាម៉ាបាដក្នុងការវាយប្រហារ ឆ្លងព្រំដែនប្រឆាំងនឹង គោលដៅយោធាមួយចំនួន របស់ខ្លួន។
នៅព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ ប៉ាគីស្ថានបាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកឥណ្ឌាចំនួន១២ គ្រឿងពេញមួយយប់ រួមទាំងមួយគ្រឿង ដែលបានវាយប្រហារគោលដៅយោធានៅជិតទីក្រុង Lahore ដែលមានចម្ងាយ២៤ គីឡូម៉ែត្រពីព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរ។
ក្រសួងការពារជាតិឥណ្ឌា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅយប់ថ្ងៃទី ៧-៨ ខែឧសភា ឆ្នាំ ២០២៥ ប៉ាគីស្ថានបានព្យាយាមភ្ជាប់ គោលដៅយោធាមួយចំនួននៅភាគខាងជើង និងខាងលិចប្រទេសឥណ្ឌា ដោយប្រើយន្តហោះគ្មានមនុស្សបើក និងមីស៊ីលដែលទាំងអស់ ត្រូវបានបំផ្លាញដោយប្រព័ន្ធការពារ Integrated Counter UAS Grid និង Air Defense” ។
ឥណ្ឌាបានអះអាងទៀតដែរថា ជាការឆ្លើយតប កងកម្លាំងប្រដាប់អាវុធឥណ្ឌា បានកំណត់គោលដៅលើរ៉ាដា និងប្រព័ន្ធការពារដែនអាកាស នៅតាមទីតាំងផ្សេងៗ ក្នុងប្រទេសប៉ាគីស្ថានបានច្រើនកន្លែងវិញផងដែរ។
ក្រសួងបានបន្ថែមថា៖យើងមានទំនុកចិត្ត ប្រព័ន្ធការពារ អាកាសនៅ Lahore ត្រូវបានបំផ្លាញទាំងស្រុង។ មន្ត្រីប៉ាគីស្ថានត្រូវបានដកស្រង់សម្តី ដោយទីភ្នាក់ងារសារព័ត៌មាន AP ថា ការវាយប្រហាររបស់ឥណ្ឌាបានបណ្តាលឱ្យមានការខូចខាត និងទាហានរងរបួសជាច្រើននាក់៕
ប្រែសម្រួល៖ស៊ុនលី
