បរទេស៖ ប្រទេសប៉ាគីស្ថានបាននិយាយថា ប្រទេសឥណ្ឌាបានបាញ់មីស៊ីល ទៅកាន់មូលដ្ឋានទ័ពអាកាស ចំនួនបីក្នុងប្រទេស ប៉ាគីស្ថាន នៅថ្ងៃសៅរ៍ ប៉ុន្តែមីស៊ីលភាគ ច្រើនត្រូវបានស្ទាក់ចាប់ ហើយការវាយប្រហារ សងសឹកទៅលើប្រទេសឥណ្ឌា កំពុងដំណើរការ។ វាជាការកើនឡើងភាពតានតឹង ចុងក្រោយបង្អស់ នៅក្នុងជម្លោះដែលបង្កឡើង ដោយការសម្លាប់រង្គាលកាលពីខែមុន ដែលឥណ្ឌាបានស្តីបន្ទោសលើប៉ាគីស្ថាន។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា យោធាប៉ាគីស្ថានបាននិយាយថា ខ្លួនបានប្រើប្រាស់មីស៊ីល Fateh រយៈចម្ងាយមធ្យម ដើម្បីតម្រង់គោលដៅលើកន្លែងផ្ទុកមីស៊ីលឥណ្ឌា និងមូលដ្ឋានទ័ពអាកាសនៅ Pathankot និង Udhampur ។
អ្នកនាំពាក្យកងទ័ពប៉ាគីស្ថាន លោកឧត្តមសេនីយ Ahmad Sharif បាននិយាយនៅក្នុងសុន្ទរកថា តាមទូរទស្សន៍ថាN ទ្រព្យសម្បត្តិរបស់កងទ័ពអាកាសប៉ាគីស្ថានមានសុវត្ថិភាព បន្ទាប់ពីការវាយប្រហារ របស់ឥណ្ឌា ដោយបន្ថែមថា មីស៊ីលមួយចំនួនរបស់ឥណ្ឌា ក៏បានវាយប្រហារទៅលើរដ្ឋ Punjab ភាគខាងកើត របស់ប្រទេសឥណ្ឌាផងដែរ។
ទូរទស្សន៍រដ្ឋប៉ាគីស្ថានបានផ្សាយថា នាយករដ្ឋមន្ត្រី Shehbaz Sharif បានកោះប្រជុំអាជ្ញាធរ បញ្ជាការជាតិ ដែលជាស្ថាប័នទទួលខុសត្រូវ ក្នុងការត្រួតពិនិត្យកម្មវិធីមីស៊ីល របស់ប្រទេស និងទ្រព្យសម្បត្តិយុទ្ធសាស្ត្រផ្សេងទៀត៕
ប្រែសម្រួលៈ ណៃ តុលា
