ព័ត៌មានអន្តរជាតិ

លោក Xi អំពាវនាវឲ្យរកឲ្យឃើញ និងកាត់ផ្តាច់ ឬសគល់ដែលបង្កឲ្យមានជម្លោះនៅអ៊ុយក្រែន

RT NEWS

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីចិន លោក Xi Jinping បានអំពាវនាវឱ្យលុបបំបាត់បុព្វហេតុនៃជម្លោះអ៊ុយក្រែន ជាមធ្យោបាយមួយដើម្បីសម្រេចបានសន្តិភាពយូរអង្វែង។


លោកប្រធានាធិបតីចិនរូបនេះក៏បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលកិច្ចប្រជុំក្រៅផ្លូវការមួយកាលពីថ្ងៃទី៨ខែឧសភាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinផងដែរ នេះបើយោងតាមក្រសួងការបរទេសនៅទីក្រុងប៉េកាំង។

លោក Xi ស្ថិតក្នុងចំណោមមេដឹកនាំពិភពលោកជាង២០រូប ដែលចូលរួមក្នុងព្រឹត្តិការណ៍ឆ្នាំនេះនៅទីក្រុងមូស្គូ ដើម្បីរំលឹកខួបលើកទី៨០នៃជ័យជម្នះរបស់សូវៀតលើពួកណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទីពីរ។

លោក Xi និង Putin បានជួបពិភាក្សាគ្នាក្នុងទម្រង់បិទជិត ហើយក្រោយមកនៅក្នុងសម័យប្រជុំដែលបានពង្រីកជាមួយគណៈប្រតិភូរបស់ពួកគេនៃតំណាងប្រទេសទាំងពីរផងដែរ។

ក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយដកស្រង់សម្តីប្រធានាធិបតីចិនថា ៖ប្រទេសចិននឹងនៅតែតស៊ូមតិ និងប្រកាន់ខ្ជាប់នូវគោលគំនិតរួម ទូលំទូលាយ សហប្រតិបត្តិការ និងនិរន្តរភាពនៃសន្តិសុខសកលសម្រាប់វិបត្តិអ៊ុយក្រែន។

សេចក្តីថ្លែងការណ៍បញ្ជាក់ទៀតថា៖​កង្វល់​សន្តិសុខដែល​សម​ហេតុផល​នៃ​ប្រទេស​ទាំងអស់​គួរតែ​ត្រូវបាន​យកចិត្តទុកដាក់ ហើយ​មូលហេតុ​ឫសគល់​នៃ​វិបត្តិ​គួរតែ​ត្រូវបាន​លុបចោលឲ្យអស់៕

ប្រែសម្រួល៖ស៊ុនលី

To Top