ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានណែនាំគ្រប់អង្គភាពគយតាមច្រកព្រំដែនថៃទាំងអស់ ត្រូវទប់ស្កាត់ ការប៉ុនប៉ងលួចនាំចូល ដោយខុសច្បាប់នូវសត្វពាហនៈ (គោ-ក្របី) និងសាច់គោ-ក្របី ពីប្រទេសថៃ ចូលមកកម្ពុជា។
ការណែនាំនេះ បន្ទាប់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់វិធានការទប់ស្កាត់ការឆ្លងជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ចូលកម្ពុជា ដោយផ្អាកការនាំចូលជាបណ្ដោះអាសន្នសត្វពាហនៈ (គោ-ក្របី) និងសាច់គោ-ក្របី ពីប្រទេសថៃ។
យោងតាមសេចក្ដីណែនាំ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា នៅថ្ងៃទី៩ ឧសភា បានឱ្យដឹងថា «ដើម្បីធានាប្រសិទ្ធភាព នៃការអនុវត្ត, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមធ្វើការណែនាំដល់គ្រប់អង្គភាពគយ និងរដ្ឋាករពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យឯកសារ និងការត្រួតពិនិត្យរូបវន្ត ព្រមទាំងត្រូវចាត់ វិធានការតាមដាន ទប់ស្កាត់ការប៉ុនប៉ងលួចនាំចូល ដោយខុសច្បាប់នូវទំនិញដែលបានហាមឃាត់តាម មាត់ច្រកនានា ជាពិសេសតាមច្រករបៀង ក្នុងមូលដ្ឋានភូមិសាស្ត្ររបស់ខ្លួនឱ្យបានម៉ឺងម៉ាត់»៕
