ភ្នំពេញ ៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងនាថ្ងៃ១០ ឧសភាថា ក្រសួងកសិកម្មកំពុងធ្វើការយ៉ាងសកម្មជាមួយរដ្ឋបាលខេត្តបាត់ដំបង និងក្រសួងពាណិជ្ជកម្ម ក្នុងការចរចាជាមួយភាគីថៃ ដើម្បីដោះស្រាយបញ្ហារឹតបន្តឹង«ការនាំចេញផ្លែល្ពៅក្រៅផ្លូវការ»ទៅកាន់ប្រទេសថៃ នៅតាមច្រកព្រំដែនគោកក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

ការលើកឡើងរបស់អ្នកនាំពាក្តក្រសួងកសិកម្មនេះ បន្ទាប់ពីបណ្តាញសង្គមហ្វេសប៊ុកលើកឡើងជាបន្តបន្ទាប់ពីករណីផ្លែល្ពៅរបស់កម្ពុជាទីផ្សារក្រោយពីការប្រមូលផល។
លោកអ្នកនាំពាក្យបានឱ្យដឹងថា បញ្ហានៃការរឹតបន្តឹងនេះ បានបណ្តាលឱ្យមានការជន់ជោរផ្លែល្ពៅដែល នាំចេញមិនបាននេះនៅលើទីផ្សារក្នុងស្រុក និងត្រូវបានឈ្មួញទាំងនោះយកទៅចែកចាយដោយឥតគិតថ្លៃ ដែលកំពុងមានការចាប់អារម្មណ៍នៅលើបណ្តាញសង្គម។

ប៉ុន្តែទោះបីជាយ៉ាងណា លោកគិតមកដល់ពេលនេះ ភាគីកម្ពុជានៅមិនទាន់ទទួលបានការឆ្លើយតបវិជ្ជមានពីភាគីថៃនៅឡើយទេ។ តែក្រសួងនឹងបន្តកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីជួយដោះស្រាយបញ្ហានេះឱ្យបានឆាប់ និងផ្តល់បច្ចុប្បន្នភាពពីវឌ្ឍនភាពជាបន្តបន្ទាប់៕
