ព័ត៌មានអន្តរជាតិ

ក្រុមហាម៉ាស់ ច្រានចោលការចោទប្រកាន់របស់អាមេរិក លើការគ្រប់គ្រងជំនួយមនុស្សធម៌ នៅតំបន់ហ្គាហ្សា

xinhua

ហ្គាហ្សា៖ ក្រុមហាម៉ាស់ បានច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិកថា ខ្លួនកំពុងគ្រប់គ្រងជំនួយមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហាម៉ាស់បានឲ្យដឹងថា ការចោទប្រកាន់ដែលធ្វើឡើងដោយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ីស្រាអែល លោក Mike Huckabee ប្រឆាំងនឹងក្រុមហាម៉ាស់ ពីការគ្រប់គ្រងជំនួយនៅតំបន់ហ្គាហ្សា គឺ “ផ្ទុយទៅនឹងការពិត”។

លោក Huckabee បានលើកឡើងថា ប្រព័ន្ធចែកចាយថ្មីនៃជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សាតាមរយៈក្រុមហ៊ុនឯកជនកំពុងត្រូវបានរៀបចំដោយពណ៌នាអំពីប្រព័ន្ធនេះថា ជាកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារក្រុមហាម៉ាស់ ពីការលួចជំនួយ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រុមហាម៉ាស់បានសំដៅលើការចោទប្រកាន់របស់សហរដ្ឋអាមេរិកថាជា “ការនិយាយឡើងវិញអំពីការភូតកុហករបស់អ៊ីស្រាអែល ដែលត្រូវបានលាតត្រដាងដោយអង្គការ និងភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់ ដែលប្រតិបត្តិការនៅក្នុងតំបន់ហ្គាហ្សា” ដោយថា “ឯកអគ្គរដ្ឋទូតក៏ប្រើវា ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការជាប់ពាក់ព័ន្ធក្នុងផែនការផ្លាស់ទីលំនៅ និងការដាក់ទណ្ឌកម្មរបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សា តាមរយៈគោលនយោបាយនៃភាពអត់ឃ្លាន”។

ក្រុមហាម៉ាស់ បានបញ្ជាក់ពីសិទ្ធិរបស់ប្រជាជនហ្គាហ្សាក្នុងការទទួលបានជំនួយមនុស្សធម៌ដោយសេចក្តីថ្លៃថ្នូរ និងតាមរយៈយន្តការដែលត្រូវបានអនុម័តដោយអង្គការសហប្រជាជាតិ និងអង្គការផ្តល់ជំនួយអន្តរជាតិ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top