ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញបើកការដ្ឋាន ស្ថាបនាផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ប្រវែង ១៨ ៣៤០ ម៉ែត្រ នៅស្រុកព្រះស្តេច

ព្រៃវែង ៖ នៅថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានជាអធិបតីពិធីបើកការដ្ឋាន ស្ថាបនាផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ប្រវែង ១៨ ៣៤០ម៉ែត្រ នៅភូមិព្រីង ឃុំក្រាងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។

ផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ប្រវែង ១៨ ៣៤០ម៉ែត្រ ដែលបានបើកការដ្ឋានស្ថាបនានេះ មានទីតាំងចាប់ពីផ្លូវជាតិលេខ១ (ត្រង់គីឡូម៉ែត្រលេខ៨៣+៣០០) ស្ថិតនៅក្នុងឃុំក្រាំង ស្វាយ កាត់ឃុំសេនារាជឧត្តម ដល់ឃុំបន្ទាយចក្រី នៃស្រុកព្រះ សម្តេច ដោយត្រូវចំណាយ ពេលវេលាស្ថាបនាពី ៦ខែ ទៅ ៨ខែ ទើបរួចរាល់។

ការបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូប្រភេទ DBST នេះដែរ ក៏ជាតឹកតាំងថ្មី បន្ថែមទៀត ដែលបង្ហាញពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តលើកកម្ពស់កម្រិតជីវភាពរស់ នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ស្របទៅតាមការ អភិវឌ្ឍរីកចម្រើន នៃសេដ្ឋកិច្ចជាតិ ជាពិសេសឆ្លើយតបទៅនឹងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ខណៈដែលកម្ពុជាយើង បាន និងកំពុងធ្វើដំណើរយ៉ាង ស្វាហាប់ឆ្ពោះទៅកាន់ចក្ខុវិស័យឆ្នាំ២០៥០ ពោលគឺក្លាយជាប្រទេស ដែលមានប្រាក់ចំណូលកម្រិតខ្ពស់៕

To Top