ព័ត៌មានអន្តរជាតិ

ចិន និងអាមេរិក យល់ព្រមបង្កើតយន្តការពិគ្រោះយោបល់ ចំពេលមានជម្លោះពន្ធគយ

kyodo

ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការបានរាយការណ៍ថា ប្រទេសចិន បានយល់ព្រមជាមួយសហរដ្ឋអាមេរិក ដើម្បីបង្កើតយន្តការពិគ្រោះយោបល់សេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីពិភាក្សាអំពីបញ្ហានៃការព្រួយបារម្ភទៅវិញទៅមក បន្ទាប់ពីកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីនៅទីក្រុងហ្សឺណែវកាលពីចុងសប្តាហ៍។

ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន នឹងចេញសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃចន្ទនេះ ដែលសង្ខេបកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រីចិនលោក He Lifeng ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយចិន បន្ទាប់ពីបានពិភាក្សារយៈពេលពីរថ្ងៃរហូតដល់ថ្ងៃអាទិត្យជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Scott Bessent និងតំណាងពាណិជ្ជកម្ម Jamieson Greer នៅទីក្រុងនៃប្រទេសស្វ៊ីស។

ជាមួយនឹងការបង្កើនភាពតានតឹងផ្នែកពន្ធគយចិន និងសហរដ្ឋអាមេរិក បង្កឱ្យមានការភ័យខ្លាចអំពីទស្សនវិស័យសម្រាប់សេដ្ឋកិច្ចពិភពលោក លោកបាននិយាយថា កិច្ចប្រជុំសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្រិតខ្ពស់គឺ “ស្មោះត្រង់ ស៊ីជម្រៅ និងស្ថាបនា” នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សារព័ត៌មានស៊ីនហួបានចុះផ្សាយថា ឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា កិច្ចប្រជុំនេះគឺជា “ជំហានដ៏សំខាន់មួយឆ្ពោះទៅរកការដោះស្រាយភាពខុសគ្នា” និងជាមូលដ្ឋានគ្រឹះ សម្រាប់កិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ។

លោក Bessent បានប្រាប់អ្នកយកព័ត៌មានថា មាន “វឌ្ឍនភាពច្រើន” នៅក្នុងកិច្ចពិភាក្សា ខណៈដែលលោក Greer បានលើកឡើងថា វាមានសារៈសំខាន់ណាស់ក្នុងការយល់ដឹងថា “តើយើងអាចឈានដល់ការព្រមព្រៀងគ្នាបានលឿនប៉ុណ្ណា ដែលឆ្លុះបញ្ចាំងថា ប្រហែលជាភាពខុសគ្នាមិនធំដូចការគិតនោះទេ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top