តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានឲ្យដឹងថា ការចរចាដោយប្រយោលជាមួយសហរដ្ឋអាមេរិក ក្នុងប្រទេសអូម៉ង់ ដើម្បីធ្វើឱ្យកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ រស់ឡើងវិញ បានក្លាយទៅជាការចរចាកាន់តែលំបាក ខណៈដែលប្រធានាធិបតីលោក Masoud Pezeshkian បានច្រានចោលការទាមទារ របស់សហរដ្ឋអាមេរិក សម្រាប់ទីក្រុងតេអេរ៉ង់ ឱ្យរុះរើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់ខ្លួន។
កិច្ចពិភាក្សានៅទីក្រុង Muscat ដែលសម្របសម្រួល ដោយប្រទេសអូម៉ង់ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងចុងក្រោយបង្អស់ ដើម្បីសង្គ្រោះផែនការ សកម្មភាព ទូលំទូលាយរួម ឬកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ។ សហរដ្ឋអាមេរិក បានដកខ្លួនជាឯកតោភាគី ចេញពីកិច្ចព្រមព្រៀងក្នុងឆ្នាំ២០១៨ ក្រោមអាណត្តិដំបូងរបស់ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ដែលជំរុញឱ្យអ៊ីរ៉ង់កាត់បន្ថយ ការអនុលោមតាមការសន្យានុយក្លេអ៊ែរ របស់ខ្លួនបន្តិចម្តងៗរហូតមកដល់បច្ចុប្បន្ននេះ ។
លោក Araqchi បានថ្លែងទៅកាន់ទូរទស្សន៍ IRIB ដែលគ្រប់គ្រងដោយរដ្ឋរបស់អ៊ីរ៉ង់ បន្ទាប់ពីការចរចារជុំទី៤ នៅរដ្ឋធានីនៃប្រទេសអូម៉ង់ បានឲ្យដឹងថា ការពិភាក្សាបានផ្លាស់ប្តូរពីប្រធានបទ ទូទៅទៅជាសំណើជាក់លាក់បន្ថែមទៀត។
នៅក្នុងនោះដែរលោកបានកំណត់លក្ខណៈនៃកិច្ចពិភាក្សានេះថា ជាការបោះជំហានទៅមុខ ប៉ុន្តែបានទទួលស្គាល់ពីភាពស្មុគស្មាញ ដែលកំពុងកើនឡើងនៃបញ្ហា បើទោះជាភាគីទាំងពីរបានឯកភាពបន្តការពិភាក្សាយ៉ាងណាក៏ដោយ។
ទន្ទឹមនឹងនេះ ប្រធានាធិបតីអ៊ីរ៉ង់លោក Pezeshkian បានច្រានចោលការអំពាវនាវរបស់សហរដ្ឋអាមេរិក ឱ្យរុះរើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ក្នុងនោះលោកបានប្រកាសដោយបញ្ជាក់ជាថ្មីពីជំហររបស់ទីក្រុងតេអេរ៉ង់ថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់គោលបំណងស៊ីវិល មិនមានគោលបំណងយោធានោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា
