ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោកស្រី GWYNNETH WONG និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្ត្រី បានជម្រាបជូនលោកស្រី និងសហការី អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ មានបាវចនាចំនួន ៥ គឺ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងគន្លឹះអាទិភាពចំនួន ៥ ទៀតរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។

លោករដ្ឋមន្ត្រី ក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានា ដែលសម្រេចបានកន្លងមក និងទិសដៅអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈចក្ខុវិស័យ “ការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ធានាបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង។ ក្នុងនោះក្រសួងបានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៥ រួមមាន៖ (ទី១)ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, (ទី២)ការលើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ,(ទី៣) ការអភិវឌ្ឍសហគមន៍ជនបទ (ទី៤)ពិពិធកម្មសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ និង(ទី៥)ការពង្រឹងស្ថាប័នតាមរយៈការរៀបចំគោលនយោបាយ ហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ។

លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយអង្គការភ្លែនអន្តរជាតិនាពេលកន្លងមក ដោយអង្គការបានរួមចំណែកក្នុងការជួយនៅតំបន់ជនបទ ក្នុងវិស័យអប់រំ សុខភាព និងអនាម័យ ទឹកស្អាតជនបទ ជាមួយគ្នានោះកន្លងមកអង្គការភ្លែនអន្តរជាតិ ក៏បានចូលរួមយ៉ាងសកម្ម ក្នុងការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។

លោកស្រី GWYNNETH WONG បានថ្លែងអំណរចំពោះ លោក ឆាយ ឫទ្ធិសែន ដែលបានអនុញ្ញាតជូនលោកស្រី ព្រមទាំងសហការីបានអញ្ជើញជួបសម្តែងការគួរសម និងជម្រាបលានាពេលនេះ។
លោកស្រីបានមានប្រសាសន៍ថា អង្គការភ្លែនអន្តរជាតិ បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទរយៈពេល ២៤ឆ្នាំ ចាប់ពីឆ្នាំ ២០០៣ដល់ឆ្នាំ២០២៧ ដោយប្រើប្រាស់ថវិការចំនួន ៣០លានដុល្លាអាមេរិច លើការអនុវត្តគម្រោងគាំទ្រលើការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ, សុខភាព និងអាហារូបត្ថម្ភ និងការចូលរួមរបស់កុមារ។

លោកស្រីបានបង្ហាញអំពីជំហរ បន្តកិច្ចសហប្រតិការយ៉ាងស្អិតរមួតបន្តទៀត ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដោយទោះបីជាពេលនេះ លោកស្រីត្រូវបញ្ចប់អាណត្តិបេសកកម្ម នៅក្នុងប្រទេសកម្ពុជាក៏ដោយ។
លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោកស្រីនាយិការ និងសហការីដែលអញ្ជើញមកទស្សនកិច្ចនាពេលនេះ និងថ្លែងអំណរគុណចំពោះការប្តេជ្ញា បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ រាជរដ្ឋាភិបាលកម្ពុជាជាពិសេសជាមួយក្រសួងអភិវឌ្ឍន៍ជនបទ។
លោក ឆាយ ឫទ្ធិសែន ក៏បានប្រគល់ប័ណ្ណសសើរ និងវត្ថុអនុស្សាវរីយ៍ ជូនដល់លោកស្រី ក៏ដូចជាអង្គការភ្លែនអន្តរជាតិទាំងមូល ដើម្បីបង្ហាញពីការថ្លែងអំណរគុណ ចំពោះអង្គការភ្លែនដែលបានចូលរួមជាមួយ ក្រសួងនាពេលកន្លងមក៕
