គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ប្រទេសរបស់លោកបានត្រៀមខ្លួន ដើម្បីបន្តការចរចាដោយផ្ទាល់ជាមួយរុស្ស៊ី ប្រសិនបើទីក្រុងម៉ូស្គូ ទទួលយកបទឈប់បាញ់ ដែលស្នើឡើងដោយទីក្រុងគៀវ។
លោក ហ្សេឡិនស្គី បានបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “យើងរំពឹងថាប្រទេសរុស្ស៊ី នឹងទទួលយកបទឈប់បាញ់ ពេញលេញ យូរអង្វែង និងអាចទុកចិត្តបាន ចាប់ផ្តើមនៅថ្ងៃស្អែកទី១២ ខែឧសភា ហើយអ៊ុយក្រែន ត្រៀមខ្លួនជាស្រេច ដើម្បីជួបចរចា” ។
លោកបានស្វាគមន៍សំណើរបស់រុស្ស៊ី ក្នុងការបន្តការចរចាដោយបានលើកឡើងថា ជាសញ្ញាវិជ្ជមាន។ នៅព្រឹកថ្ងៃដដែល ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានស្នើសុំបន្តការចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន នៅថ្ងៃទី ១៥ ឧសភា នៅទីក្រុងអ៊ីស្តង់ប៊ុល។
លោក ពូទីន បានកត់សម្គាល់ថា លទ្ធភាពនៃកិច្ចព្រមព្រៀងបទឈប់បាញ់ អាចត្រូវបានពិភាក្សាក្នុងអំឡុងពេលការចរចា ដែលបានស្នើឡើង ប៉ុន្តែបានសង្កត់ធ្ងន់ថា បទឈប់បាញ់ណាមួយត្រូវតែពិតប្រាកដ និងត្រូវបានសង្កេតឃើញដោយភាគីទាំងពីរ។
កាលពីថ្ងៃសៅរ៍ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានឲ្យដឹងថា ប្រទេសរបស់លោកបានត្រៀមខ្លួនរួចជាស្រេច សម្រាប់បទឈប់បាញ់រយៈពេល ៣០ថ្ងៃ “ពេញលេញ និងដោយគ្មានលក្ខខណ្ឌ” ជាមួយរុស្ស៊ី ដែលចាប់ផ្តើមពីថ្ងៃចន្ទនេះ៕
ប្រែសម្រួល ឈូក បូរ៉ា
