ភ្នំពេញ៖ ទិវាជាតិ នៃការចងចាំ នឹងត្រូវប្រារព្វធ្វើឡើង នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ជើងឯក សង្កាត់ជើងឯកខណ្ឌដង្កោ ក្នុងកម្រិតមួយ ដែលធំជាងឆ្នាំកន្លងទៅ ដោយមានប្រជាពលរដ្ឋ ចូលរួមប្រមាណជិត១ម៉ឺននាក់ ខណៈដែល ទិវានេះ នឹងមានថ្នាក់ជាតិអញ្ជើញជាអធិបតី ជាមួយនឹងអង្គទូតចូលរួមផងដែរ ។

តាមការបញ្ជាក់ឱ្យដឹងពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំពិភាក្សាម្តងទៀត ជុំវិញការរៀបចំទិវាជាតិ នៃការចងចាំ កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ បានឱ្យដឹងថា ការប្រារព្វទិវាជាតិ នៃការចងចាំថ្ងៃ២០ឧសភា ធ្វើឡើង ដើម្បីរំលឹកឱ្យក្មេងជំនន់ក្រោយ បានដឹងនិងយល់ ឱ្យបានច្បាស់ពីរបប ដ៏សាហាវយង់ឃ្នងរបស់ពួកប្រល័យពូជសាសន៍ប៉ុល ពត ដែលបានប្រព្រឹត្តមកលើប្រជាជនកម្ពុជា អស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដោយបានកាប់សម្លាប់ប្រជាជនកម្ពុជា អស់ជាង៣លាននាក់។

ក្នុងនោះ លោកអភិបាលរាជធានី ក៏បញ្ជាក់ថា ការប្រាព្ធទិវានេះ ក៏ដើម្បីរួមគ្នារក្សាសន្តិភាពឱ្យបានគង់វង់នៅកម្ពុជា ពិសេសគឺការពារឱ្យបាននូវរបបដ៏សាហាវយង់ឃ្នងនេះ កុំឱ្យវិលត្រឡប់មកលើប្រទេសកម្ពុជាជាថ្មីម្តងទៀត។

លោកអភិបាលរាជធានី បានគូសញ្ជាក់ថា ឆ្នាំនេះ ទិវាជាតិនៃការចងចាំនឹងត្រូវប្រារព្វធ្វើឡើងធំ និងអធឺកអធមជាងឆ្នាំមុន ដោយថ្នាក់ជាតិ នឹងអញ្ជើញជាអធិបតី ហើយការងាររៀបចំត្រូវបានថ្នាក់ជាតិ ប្រគល់លទ្ធភាពឱ្យមករដ្ឋបាលរាជធានីភ្នំពេញ ជាអ្នករៀបចំ នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក សង្កាត់ ជើងឯកខណ្ឌដង្កោ ព្រោះតែរាជធានីភ្នំពេញ បានរៀបចំប្រារព្វទិវានេះឡើងរាល់ឆ្នាំ មានបទពិសោធន៍គ្រប់គ្រាន់។ ជាគម្រោងនឹងមានប្រជាពលរដ្ឋ បងប្អូនខ្មែរឥស្លាម តាជី យាយជីចូលរួមចំនួន៩០០០នាក់ ជាមួយនឹងការអញ្ជើញអង្គទូតចូលរួមផងដែរ។

លោក ឃួង ស្រេង បានបន្តថា គម្រោងរៀបចំទិវាជាតិ នៃការចងចាំឆ្នាំនេះ ត្រូវបានបង្កើតគណៈកម្មាធិការមួយ ដើម្បីរៀបចំ ដោយគិតទាំងមហាជនចូលរួម និងចំណតរថយន្តផងដែរ សំដៅធ្វើយ៉ាងណាឱ្យការប្រារព្ធពិធីនេះ ដំណើរការទៅដោយភាព អធឹកអធម្មនិងជោគជ័យ ៕

