ប៉េកាំង ៖ សហរដ្ឋអាមេរិក និងចិន បានឲ្យដឹងថា ភាគីទាំងពីរ បានយល់ព្រមកាត់បន្ថយពន្ធថ្មី ភាគច្រើនរបស់ពួកគេលើការនាំចូលរបស់គ្នាទៅវិញទៅមក ហើយផ្អាកផ្នែកនៃអ្វី ដែលគេហៅថាពន្ធទៅវិញ ទៅមករយៈពេល ៩០ ថ្ងៃនៅក្នុងការផ្លាស់ប្តូរ ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលហាក់ដូចជាផ្អាកការ ប្រឈមមុខគ្នា ពីសង្គ្រាមពាណិជ្ជកម្មដ៏ជូរចត់ របស់ពួកគេ ដែលជំរុញឱ្យមានការកើនឡើងនៃតម្លៃភាគហ៊ុន។
កិច្ចព្រមព្រៀងសម្រេច បានក្នុងអំឡុងពេលកិច្ចពិភាក្សាពាណិជ្ជកម្ម កម្រិតខ្ពស់នៅទីក្រុងហ្សឺណែវនៅចុងសប្តាហ៍នេះ មានន័យថា សហរដ្ឋអាមេរិក នឹងកាត់បន្ថយពន្ធថ្មីៗរបស់ខ្លួនលើប្រទេសចិន ដែលបានដាក់ចាប់តាំង ពីអាណត្តិប្រធានាធិបតីទីពីររបស់លោក ដូណាល់ ត្រាំ បានចាប់ផ្តើមនៅក្នុងខែមករា មកត្រឹម ៣០ ភាគរយពី ១៤៥ ភាគរយ។ ទន្ទឹមនឹងនេះ ប្រទេសចិន នឹងកាត់បន្ថយពន្ធសងសឹករបស់ខ្លួន លើសហរដ្ឋអាមេរិកមកត្រឹម ១០ ភាគរយពី ១២៥ ភាគរយ ។
បន្ថែមពីលើភាគីនីមួយៗ កាត់បន្ថយអត្រាពន្ធរៀងៗខ្លួនលើភាគីម្ខាងទៀតចំនួន ១១៥ ភាគរយ ជាមួយនឹងការផ្លាស់ប្តូរ ដែលបានកំណត់ចូលជាធរមាន នៅថ្ងៃពុធ ប្រទេសទាំងពីរបានយល់ព្រមបង្កើតយន្តការពិគ្រោះយោបល់សេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីពិភាក្សាអំពីបញ្ហា នៃការព្រួយបារម្ភទៅវិញទៅមក។
នៅក្នុងសង្គ្រាមពាណិជ្ជកម្ម ទៅវិញទៅមក ដែលបានផ្ទុះឡើងក្នុងអំឡុងពេលអាណត្តិទីពីរមិនជាប់គ្នារបស់លោក ត្រាំ ពន្ធគយរបស់សហរដ្ឋអាមេរិក លើទំនិញរបស់ចិន បានកើនឡើងយ៉ាងហោចណាស់ ១៤៥ ភាគរយ ខណៈដែលពន្ធសងសឹករបស់ចិនលើផលិតផលសហរដ្ឋអាមេរិកឈានដល់អប្បបរមា ១២៥ ភាគរយ ។
នៅក្រោមកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិក នឹងរក្សា ១០ ភាគរយនៃការដំឡើងពន្ធ ៣៤ ភាគរយ លើការនាំចូលរបស់ចិនទាំងអស់ ដែលបានណែនាំជាផ្នែកនៃគម្រោង “ទៅវិញទៅមក” របស់ខ្លួននៅដើមខែមេសា ខណៈដែលនៅសល់នឹងត្រូវចរចាក្នុងអំឡុងពេលផ្អាករយៈពេល ៩០ ថ្ងៃ។ សហរដ្ឋអាមេរិកក៏នឹងរក្សាការយកពន្ធ ២០ ភាគរយដាច់ដោយឡែកពីគ្នាលើអ្វីដែលខ្លួនយល់ថា ជាការខិតខំប្រឹងប្រែងមិនគ្រប់គ្រាន់របស់ទីក្រុងប៉េកាំង ក្នុងការទប់ស្កាត់លំហូរនៃសារធាតុ fentanyl ចូលទៅក្នុងប្រទេស។
ទន្ទឹមនឹងនេះ ប្រទេសចិននឹងរក្សាយ៉ាងហោចណាស់ ១០ ភាគរយនៃពន្ធសងសឹកនៅដើមខែមេសារបស់ខ្លួនលើទំនិញអាមេរិកទាំងអស់ ដោយនៅសល់ ២៤ ភាគរយដូចគ្នានៅលើតុចរចានៅសប្តាហ៍ខាងមុខនេះ។ វាមានផែនការរក្សាពន្ធរហូតដល់ ១៥ ភាគរយលើផលិតផលអាមេរិកដែលបានជ្រើសរើស រួមទាំងការនាំចូលថាមពល និងកសិកម្ម៕
ប្រែសម្រួល ឈូក បូរ៉ា
