ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ព្រមានបិទអាជីវកម្ម នៃមណ្ឌលកម្សាន្តណា ដែលប្រើឧបករណ៍បំពងសម្លេងឮខ្លាំង ចេញមកក្រៅ លើសពីម៉ោង ១០យប់

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ព្រមានបិទអាជីវកម្ម នៃមណ្ឌលកម្សាន្តណា ដែលប្រើឧបករណ៍បំពងសំឡេងឮខ្លាំងចេញមកខាងក្រៅ លើសពីម៉ោង ១០យប់ ។

លោកអភិបាលខេត្តបានលើកឡើងដូច្នេះ នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៥ ក្នុងឱកាសអញ្ជើញចូលរួម ប្រជុំសាមញ្ញលើកទី១២ អាណត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ ណែនាំសមត្ថកិច្ចនគរបាល និងអ្នកពាក់ព័ន្ធ ចុះណែនាំ និងធ្វើកិច្ចសន្យាម្ចាស់មណ្ឌលកម្សាន្តនានា ដោយមិនអនុញ្ញាតឲ្យប្រើឧបករណ៍បំពងសំឡេងលើសពីម៉ោង ១០ យប់នោះទេ។ ប៉ុន្តែប្រសិនបើម្ចាស់អាជីវកម្ម ដែលមានបន្ទប់បិទជិត ធ្វើឱ្យគ្មានសំឡេងបង្កការរំខានដល់ប្រជាពលរដ្ឋទេនោះ អាចបន្តលើសពីម៉ោង ១០ យប់បាន។ ដូច្នេះចំពោះម្ចាស់អាជីវកម្មណា ដែលមិនអនុវត្តទៅតាមការណែនាំរបស់សមត្ថកិច្ច ឬអាជ្ញាធរពាក់ព័ន្ធទេនោះ សូមឱ្យសមត្ថកិច្ចធ្វើការបិទអាជីវកម្មចោលតែម្ដង ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានជម្រុញឲ្យកម្លាំងសមត្ថកិច្ច ពង្រឹងការរក្សាសន្តិសុខ និងក្តាប់មុខសញ្ញាក្មេងអាណាថា និងទប់ស្កាត់បទល្មើសចោរកម្មផ្សេងៗ ឲ្យបានម៉ឺងម៉ាត់ ដើម្បីរក្សាសេចក្តីសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដែលមកកម្សាន្តនៅក្នុងខេត្តកំពង់ចាម ៕

To Top