ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានប្រសាសន៍ថា ការដាក់ឱ្យដំណើរការនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ បានបង្កើតជាស្នូរជួងបំផុសស្មារតីដល់អ្នកគ្រប់គ្រង និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃអង្គភាពផ្ដល់សេវាអប់រំ និង សុខាភិបាលមូលដ្ឋាន ឱ្យរួបរួមសហការ និងចូលរួមកាន់តែសកម្ម និងមានទឹកចិត្តកាន់តែមោះមុត ថែមទៀតក្នុងការពង្រឹងគុណភាព និងប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈជូនប្រជាជននៅមូលដ្ឋានរបស់ខ្លួន។

ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីនីតិវិធី និងវិធីសាស្ត្រនៃការអនុវត្ត និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៥ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ចលនានេះបាននិងកំពុង ជំរុញការចូលរួមកាន់តែសកម្ម និងជិតស្និទ្ធថែមទៀតពីសំណាក់អាជ្ញាធរមូលដ្ឋាន សហគមន៍ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីធានាការអភិវឌ្ឍ សាលារៀន និងមន្ទីរពេទ្យក្នុងមូលដ្ឋានរបស់ខ្លួន ស្របតាមគោលនយោបាយ និងមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរក្នុងខ្លឹមសារថា ពិតណាស់ចលនាប្រកួតប្រជែងតែងមានអ្នកឈ្នះ និងចាញ់។ តែមូលដ្ឋាន និងគោលបំណង រួមទាំងលទ្ធផលដែលលេចចេញពី កម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ នេះបានរំលេចលើសពីភាពឈ្នះ ឬចាញ់។ ក្នុងនោះអង្គភាពនីមួយៗដែលបានចូលរួម មិនថាក្នុងលទ្ធផលយ៉ាងណា តែងតែមានការវិវត្តមកកាន់ភាពរីកចម្រើនជាលំដាប់។
លើសពីនេះ អង្គភាពទាំងអស់បានចូលរួមក្នុងវេទិកាចែករំលែកបទពិសោធ និងវេទិកាផ្សេងៗទៀត ដែលគណៈកម្មការ និងក្រសួងមុខងារសាធារណៈ រៀបចំដើម្បីផ្តល់ឱកាសដល់ លោកគ្រូ អ្នកគ្រូ លោកនាយក នាយិកា និងបុគ្គលិកបានឈ្វេងយល់ និងចែករំលែកពិសោធន៍ជូនគ្នាទៅវិញទៅមក ទាំងសិល្បៈ នៃការដឹកនាំអង្គភាព នវានុវត្តន៍ក្នុងការដឹកនាំអង្គភាព ការគ្រប់គ្រងបុគ្គលិក និងអង្គភាព ក៏ដូចជាវិជ្ជាជីវៈ នៃការផ្តល់សេវា ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានបញ្ជាក់យ៉ាងមុតមាំថា ក្រសួងមុខងារសាធារណៈ និងគណៈកម្មការវាយតម្លៃអង្គភាព ផ្ដល់សេវាសាធារណៈថ្នាក់ជាតិ នឹង បន្តបេសកកម្មក្នុងការដឹកនាំ គ្រប់គ្រង និងជំរុញការអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់ សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឱ្យកាន់តែប្រសើរថែមទៀត ស្របតាមទិសដៅក្នុងការអនុវត្ត ឱ្យកាន់តែមានប្រសិទ្ធភាព នូវកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់វិស័យអប់រំ វិស័យសុខាភិបាល ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ៕
