ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ បានសម្ពោធរោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិត នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ZHAO HAIYAN (ចាវ ហាយយាន) អគ្គទីប្រឹក្សានៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ទទួលបន្ទុកកិច្ចការកុងស៊ុលប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំក្រុមហ៊ុន Jiangsu Huibo Robotics Technology រួមទាំងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត ។

ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្ត្រី ហេង សួរ បានគូសបញ្ជាក់ថា សមិទ្ធផលរោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិតនេះ នឹងធ្វើឱ្យយុវជនកម្ពុជា និយាយជារួម និងសិស្ស-និស្សិតដែលសិក្សានៅវិទ្យាស្ថាន NPIC និយាយដោយឡែក កាន់តែមានសមត្ថភាព ជំនាញកាន់តែខ្ពស់បន្ថែមទៀត ដែលស្របទៅតាមតម្រូវការទីផ្សារការងារដែលកំពុងសម្បូរបែប ក្នុងបរិបទបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន ។ ការខិតខំបំពាក់បំប៉នដល់សិស្ស-និស្សិតកម្ពុជា នូវជំនាញឌីជីថល និងបញ្ញាសិប្បនិម្មិតនេះដែរ ក៏ជាគន្លឹះសំខាន់មួយ ក្នុងការបង្កើនការទាក់ទាញ វិនិយោគិនពីបរទេស ឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ ។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា “ប្រសិនជាគ្មានការរីកចម្រើន ផ្នែកធនធានមនុស្ស ជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ និងផលិតភាពនោះទេកម្ពុជា ក៏មិនអាចពង្រីកឧត្តមភាព នៃការប្រកួតប្រជែងជាមួយបណ្ដាប្រទេសនានា ក្នុងការទាក់ទាញគម្រោងវិនិយោគថ្មីៗនោះឡើយ”។

បើតាមលោករដ្ឋមន្ត្រី ការអភិវឌ្ឍធនធានមនុស្ស គឺជានយោបាយសំខាន់មួយ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមអាណត្តិដឹកនាំ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងគោលបំណងធានាឱ្យបានធនធានមនុស្សកាន់តែល្អ ប្រកបដោយគុណភាព និង មានលទ្ធភាពប្រកួតប្រជែងនៅក្នុងទីផ្សារ ។

លោករដ្ឋមន្ត្រីក៏មិនភ្លេចថ្លែងអំណរគុណ ដល់ក្រុមហ៊ុន Jiangsu Huibo Robotics Technology ដែលបានផ្តល់ ជាអំណោយ ជារោងជាងមកដល់វិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា (NPIC) ដែលធ្វើឱ្យវិទ្យាស្ថានដ៏ទំនើបរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមួយ នេះកាន់តែទំនើប និងមានសមត្ថភាពកាន់តែខ្ពស់ក្នុងការបណ្តុះបណ្តាលជំនាញដល់ប្រជាពលរដ្ឋខ្មែរបន្ថែមទៀត។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានរំលេចផងដែរថា វត្តមាននៃជំនួយរបស់ក្រុមហ៊ុនទំនើបរបស់ចិននេះ នឹងក្លាយជាធ្នាក់នាំយកក្រុមហ៊ុន វិនិយោគចិនធំៗឱ្យមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត៕

