ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញទស្សនកិច្ចក្រុមហ៊ុន Phnom Penh Precast Plants Co.,Ltd. ដែលមានអាស័យដ្ឋាន ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។




ក្រុមហ៊ុន Phnom Penh Precast Plants Co.,Ltd. គឺជាក្រុមហ៊ុនរបស់ប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ហើយជាអ្នកផ្គត់ផ្គង់ឈានមុខគេ នៃលូប្រអប់ឬលូជ្រុងបេតុង បំពង់លូមូលបេតុង ប្រឡាយបេតុង ជញ្ជាំងបេតុងទប់ដី សសរគ្រឹះបេតុងនិងបង្គោលភ្លើងអគ្គិសនី ព្រមទាំងបរិក្ខារវិស្វកម្មចាំបាច់នានា។ ក្រុមហ៊ុន ក៏មានការផ្តល់សេវាកម្មរចនា និងផ្គត់ផ្គង់ដំណោះស្រាយបច្ចេកទេស ចំពោះរាល់ការបញ្ជូនអគ្គិសនី ការរៀបចំសំណង់អគារ ផ្លូវថ្នល់ និងសំណង់សិល្បការ្យគ្រប់ប្រភេទ ។




ការអញ្ជើញទស្សនកិច្ច នាពេលនេះ ក្នុងគោលបំណងស្វែងយល់ អំពីគុណភាពនៃការផលិតសំណង់សិល្បការ្យ របស់វិស័យឯកជន ដើម្បីចូលរួមពង្រឹងគុណភាព ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងសំណង់សិល្បការ្យជនបទ ឱ្យកាន់តែមានភាពរឹកមាំ ប្រើប្រាស់បានយូរអង្វែងជូនដល់ប្រជាពលរដ្ឋ៕




