ព័ត៌មានជាតិ

ក្រសួងការងារ ៖ សពពលករខ្មែរ ប្តីប្រពន្ធ ត្រូវបានដឹកមកដល់កម្ពុជា ហើយដើម្បីបន្តធ្វើបុណ្យតាមប្រពៃណី

បន្ទាយមានជ័យ ៖ សពពលករ សាន់ សឿន អាយុ៣៨ឆ្នាំដែលជាប្តី និងពលការិនី សុខ គិមសី អាយុ៣១ឆ្នាំដែលជាប្រពន្ធ ត្រូវបានបញ្ជូនមក ដល់ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែតហើយ នាយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នេះ ក្រោមការជួយខ្នះខ្នែង សម្របសម្រួលពីសំណាក់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអាជ្ញាធរ ខេត្តបន្ទាយមានជ័យ រួមទាំងអ្នកពាក់ព័ន្ធគ្រប់កម្រិត ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ។

លោកបន្តថា តាំងពីក្រោយការបញ្ជាក់អត្តសញ្ញាណច្បាស់លាស់ តាមរយៈការធ្វើកោសល្យវិច័យ DNA ពីសំណាក់វិទ្យាស្ថានវេជ្ជសាស្ត្ររបស់ប្រទេសថៃ នៅព្រឹកថ្ងៃទី១៤ខែឧសភានេះ ដែលអះអាងថា ពលករទាំងពីរពិតជាបានទទួលមរណភាពក្នុងគ្រោះរញ្ជួយដីនៅថៃកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ អនុព័ន្ធការងារ អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានសម្របសម្រួលជាមួយ អាជ្ញាធរថៃក្នុងការរៀបចំការបញ្ជូនសព និងធ្វើពិធីសាសនាមុននឹងបានដឹកសពតាមរថយន្តចេញពីទីក្រុងបាងកក មកកាន់ច្រកអន្តរជាតិប៉ោយប៉ែត មុននឹងដង្ហែសពបន្តមកលំនៅដ្ឋាន នៅក្រុងសេរីសោភ័ណ្ឌដើម្បីធ្វើបុណ្យតាមប្រពៃណី។

ជាមួយគ្នានេះ អ្នកនាំពាក្យដដែល បានបន្ថែមថា ដោយឡែកថ្នាក់ដឹកនាំ មន្ត្រីជំនាញរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងអាជ្ញាធរ ខេត្តបន្ទាយមានជ័យ ក៏បានចាំទទួលសពបងប្អូន ពលករទាំងពីរនៅច្រកអន្តរជាតិប៉ោយប៉ែត និងបន្តសម្របសម្រួលដង្ហែសព មកកាន់លំនៅដ្ឋាន ដែលបានរៀបចំពិធីបុណ្យរួចជាស្រេចដោយមានការចាត់ចែងរៀបចំពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋាន រួមទាំងសាច់ញាតិក្រុមគ្រួសារសព ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ដល់ពលករកម្ពុជា ដែលនៅបរទេស ទាំងអស់ ជាពិសេសបងប្អូនពលករ ដែលរងគ្រោះក្នុងគ្រោះរញ្ជួយដីនៅប្រទេសថៃកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅនេះ៕

To Top