ហ្សឺណែវ៖ សហរដ្ឋអាមេរិក កំពុងប្រើប្រាស់ពន្ធគយជាឧបករណ៍យុទ្ធសាស្ត្រ ដើម្បីទាញយកសម្បទានលើសពីពាណិជ្ជកម្ម នេះបើតាមការព្រមាន លោក Carlos Correa នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល South Centre ក្នុងបទសម្ភាសន៍ថ្មីៗនេះ ជាមួយកាសែតស៊ីនហួ។
លោកបានព្រមានថា វិធានការឯកតោភាគី បែបនេះ អាចនឹងមានផលប៉ះពាល់អវិជ្ជមាន យ៉ាងទូលំទូលាយដល់ប្រទេសកំពុងអភិវឌ្ឍន៍ ប្រសិនបើមិនបានឆ្លើយតប ដោយការសម្របសម្រួលដ៏រឹងមាំ។
មានទីស្នាក់ការកណ្តាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស មជ្ឈមណ្ឌលមួយនេះ បម្រើការជាអ្នកគិតអន្តររដ្ឋាភិបាលនៃ Global South ដែលបានប្តេជ្ញាចិត្ត ក្នុងការជំរុញផល ប្រយោជន៍រួមក្នុងចំណោម ប្រជាជាតិភាគខាងត្បូង ខណៈពេលដែលគោរពភាព ចម្រុះរបស់ពួកគេ។
លោក Correa បានរិះគន់ការ ដាក់ពន្ធឯកតោភាគី របស់សហរដ្ឋអាមេរិក ដោយថាពួកគេបានបង្កគ្រោះ ថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ ជាពិសេស ចំពោះប្រទេស ដែលមានការអភិវឌ្ឍន៍តិចតួច។
លោកបានបន្ថែមថា “ផលប៉ះពាល់ទាំងនេះអាចមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងលក្ខខណ្ឌនៃការបាត់បង់ការងារ និងសូម្បីតែការបិទឧស្សាហកម្ម ឬកសិដ្ឋានមួយចំនួន ហើយនៅក្នុងលក្ខខណ្ឌនៃការកើនឡើងនៃបំណុល អត្រាការប្រាក់អាចនឹងកើនឡើង ប្រសិនបើស្ថានភាពនៅតែបន្ត”។
នៅក្នុងនោះដែរលោកក៏បានច្រានចោល ការនិទានរឿងរបស់សហរដ្ឋអាមេរិក ដែលថាឱនភាពពាណិជ្ជកម្ម របស់ខ្លួនកើតចេញពីការអនុវត្ត អយុត្តិធម៌ដោយប្រទេសដទៃទៀត។ ផ្ទុយទៅវិញ លោកបានចង្អុលបង្ហាញ អំពីបញ្ហារចនាសម្ព័ន្ធដែលចាក់ឫសយ៉ាងជ្រៅ នៅក្នុងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកផ្ទាល់។
លោកបានព្រមានទៀតថា សហរដ្ឋអាមេរិក បាននិងកំពុងប្រើពន្ធជាគន្លឹះ ដើម្បីធានាដល់ការចំណេញឯកជន ដូចជាការផ្តល់អនុគ្រោះដល់ធនធានរ៉ែ ដែលធ្វើឲ្យប៉ះពាល់ ដល់ផលប្រយោជន៍ នៃប្រទេសកំពុងអភិវឌ្ឍភាគច្រើន។
លោកបានសង្កត់ធ្ងន់ថា គ្មានប្រទេសណាមួយ ជាអ្នកត្រួតលើ ប្រព័ន្ធពាណិជ្ជកម្ម អន្តរជាតិនោះទេ ហើយបានជំរុញ ឱ្យប្រទេស កំពុងអភិវឌ្ឍន៍ ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហាប្រឈម “ដែលបង្កើតដោយ ប្រទេសតែមួយ” ៕
