ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំឲ្យបណ្តាអង្គភាពនានានៃកងកម្លាំងនគរបាលជាតិ ត្រូវរួមគ្នាក្ដាប់ឲ្យជាប់រាល់ចំណុចខ្លាំង-ខ្សោយ និងក្ដាប់ឲ្យជាប់សម្រាប់ការពង្រីកបន្ថែមនូវចំណុចខ្លាំង និងកាត់បន្ថយឲ្យបានចំណុចខ្សោយរបស់អង្គភាពនីមួយៗ ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០២៥ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្រុកកៀនស្វាយ ខេត្តកណ្តាល នាថ្ងៃ១៦ ឧសភានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍លើកសរសើរដល់កងកម្លាំងនគរបាលជាតិទាំងអស់ដែលបានធ្វើការយ៉ាងសកម្មក្នុងការចូលរួមអនុវត្តភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព , ការជួយអន្តរាគមន៍បង្រ្កាបបទល្មើសគ្រប់ប្រភេទ និងការបម្រើសេវាសន្តិសុខ ជូនដល់ប្រជាពលរដ្ឋ ។
សម្តេចធិបតីបានគូសបញ្ជាក់ថា ចំពោះសកម្មភាពរបស់កងកម្លាំងនគរបាលជាតិនេះ គឺបានទទួលការអបអរសាទរពីប្រជាពលរដ្ឋយ៉ាងខ្លាំងក្លា ។ សម្តេចធិបតីបន្តថា បើទោះបីជាមានការសាទរពីពលរដ្ឋក៏ពិតមែន ប៉ុន្តែមិនត្រូវដកដៃក្នុងការចូលរួមការពារនោះទេ ត្រូវតែបង្កើនសកម្មភាពបន្ថែមទៀត ។
សម្តេចមានប្រសាសន៍ទៀតថា “មិនមានអ្វីល្អឥតខ្ចោះនោះទេ ប៉ុន្តែយើងត្រូវដាក់ទិសដៅ ដើម្បីបំពេញភារកិច្ចឲ្យល្អឥតខ្ចោះ ។ នៅក្នុងន័យនេះ យើងត្រូវក្តាប់ឲ្យជាប់ គ្រប់បណ្តាស្ថាប័នកងឯកអង្គភាពចំណុះអគ្គស្នងការនគរបាលជាតិ ចំណុះស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវក្តាប់ឲ្យជាប់នូវបណ្តាចំណុចខ្លាំង និងចំណុចខ្សោយរបស់អង្គភាពនៅក្នុងការបំពេញភារកិច្ច” ។
សម្តេចធិបតីបន្តថា ក្នុងនោះក៏ត្រូវដាក់ទិសដៅពង្រឹងចំណុចខ្លាំងនិងខ្សោយផងដែរ ជាពិសេសត្រូវពង្រីកនូវចំណុចខ្លាំងឲ្យបានច្រើន ព្រមទាំងកាត់បន្ថយ និងទប់ស្កាត់ឲ្យបានទាន់ពេលវេលានូវចំណុចខ្វះខាតក្នុងការបំពេញភារកិច្ច ដើម្បីធ្វើយ៉ាងណាឲ្យការបំពេញភារកិច្ចឲ្យមានប្រសិទ្ធភាព សម្រាប់ផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋ ដើម្បីទទួលបានការសាទរពីមហាជន៕
