ព័ត៌មានជាតិ

ក្រុមនិស្សិត បើកកិច្ចពិភាក្សាស្វែងយល់ ពីសក្តានុពលវិស័យថាមពលស្អាតនៅកម្ពុជា

ភ្នំពេញ៖ ក្រុមនិស្សិតមកពីសាកលវិទ្យាល័យនានា និងបណ្តាអង្គការសង្គមស៊ីវិលបានបើកកិច្ចពិភាក្សា ស្វែងយល់ពីសក្តានុពលវិស័យថាមពលស្អាតនៅកម្ពុជា ដើម្បីស្វែងយល់ពីអាជីព និងអនាគតក្នុងវិស័យ ថាមពល។

កិច្ចពិភាក្សាធ្វើឡើងក្នុងកម្មវិធី «សប្ដាហ៍ថាមពលស្អាត២០១៩» ដែលទទួលបានសមិទ្ធផល វិស័យថាមពលស្អាតនៅកម្ពុជា ក្នុងរយៈពេលមួយឆ្នាំ ចាប់ពីថ្ងៃទី១-៧ វិច្ឆិកា ។

កម្មវិធីសប្ដាហ៍ថាមពលស្អាតនឹងផ្ដល់ឱកាសជូនសិស្សនិស្សិត អ្នកអភិវឌ្ឍន៍គម្រោងថាមពល អ្នកអភិវឌ្ឍន៍អចលនទ្រព្យ អ្នកជំនាញការផ្នែកថាមពល សហគ្រិន និងអ្នកមានចំណាប់អារម្មណ៍លើបច្ចេកវិទ្យាទាំងអស់ មកស្វែងយល់អំពីគម្រោងផ្សេងៗ សិក្សានិងពិភាក្សាអំពីថាមពលស្អាត ។

សកម្មភាពទាំងនេះ នឹងបិទបញ្ចប់ដោយរាត្រីព្រឹត្តិការណ៍ពិព័រណ៍ និងកំសាន្តសប្ដាហ៍ថាមពលស្អាត ដែលនឹងមានការចូលរួមពីក្រុមហ៊ុនថាមពលចំនួន១៥។

សូមជម្រាបថា កម្មវិធីសប្ដាហ៍ថាមពលស្អាត ក៏នឹងផ្ដល់ឱកាសឲ្យនវានុវត្តករ យុវជន និងសហគ្រិនបានជួបជុំគ្នានៅ Impact Hub ក្នុងកម្មវិធី«នវានុវត្តន៍បៃតង ប្លុកឆេន , បញ្ញាសិប្បនិមិត្ត និងសញ្ញាបណ្ណបៃតង» ហើយកិច្ចពិភាក្សារៀបចំ ដោយក្លឹបតស៊ូមតិរបស់វិទ្យាស្ថានភាសាបរទេសលើប្រធានបទ «តើកម្ពុជាគួរហាមឃាត់ការប្រើប្រាស់ ឥន្ទនៈហ្វូស៊ីលឬទេ?» ។

គួរកត់សម្គាល់ថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ កម្ពុជាបានងាកទៅរកប្រភពថាមពលស្អាតដើម្បី ឆ្លើយតបនឹងតម្រូវការអគ្គិសនីរបស់ខ្លួន។ បច្ចុប្បន្នកម្ពុជាបានអនុម័ត គម្រោងរោងចក្រអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យធំៗចំនួនពីរ៖ គម្រោងថាមពលអគ្គិសនីដើរ ដោយពន្លឺព្រះអាទិ្យដែលមានអានុភាពផ្គត់ផ្គង់ សរុបជាង៤១០មេហ្កាវ៉ាត់ និងគម្រោងថាមពលខ្យល់ដែលមាន អានុភាពផ្គត់ផ្គង់សរុបជាង៨០មេហ្កាវ៉ាត់។

អាជ្ញាធរអគ្គិសនីកម្ពុជាក៏បាន ចេញសេចក្ដីព្រាងអត្រាថ្លៃអគ្គិសនីថ្មីដែលនឹងជំរុញឲ្យមានការ កាត់បន្ថយថ្លៃថាមពល តាមរយៈការគ្រប់គ្រងតម្រូវការរយៈពេល មានតម្រូវការគំហុក និងតាមរយៈការបើកផ្លូវប្រសើរជាងមុនឲ្យ ថាមពលពន្លឺព្រះអាទិត្យចូលរួមបង្កើនសមាមាត្រថាមពលបៃតង ក្នុងវិស័យថាមពល នៅកម្ពុជា៕

ដោយ ស សំណាង

To Top