ព័ត៌មានអន្តរជាតិ

កិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន នឹងធ្វើឡើងនៅទីក្រុង អ៊ីស្តង់ប៊ុល ខណៈនៅតែបន្ដ មានភាពខុសគ្នា

xinhua

អ៊ីស្តង់ប៊ុល ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា គណៈប្រតិភូអ៊ុយក្រែន នឹងចូលរួមកិច្ច ចរចាសន្តិភាពនាពេលខាងមុខនៅទីក្រុងអ៊ីស្តង់ប៊ុល ជាមួយនឹងការប្តេជ្ញាចិត្ត ក្នុងការបញ្ចប់ជម្លោះជាមួយរុស្ស៊ី ទោះបីជាលោកនឹងមិនបង្ហាញខ្លួន នៅក្នុងតុចរចាក៏ដោយ ។ នៅស្ថានទូតអ៊ុយក្រែន ប្រចាំនៅទីក្រុងអង់ការ៉ា បន្ទាប់ពីកិច្ចពិភាក្សាជា មួយប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan លោក ហ្សេឡិនស្គី បានប្រាប់អ្នកសារព័ត៌មានថា អ៊ុយក្រែន នឹងបញ្ជូនគណៈប្រតិភូទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល។

លោក ហ្សេឡិនស្គី បានលើកឡើងថា អ៊ុយក្រែននៅតែប្តេជ្ញាចិត្តក្នុងការសន្ទនា ប៉ុន្តែបានសម្តែងការសង្ស័យ អំពីចេតនារបស់ទីក្រុងម៉ូស្គូ។ លោកបានប្រាប់អ្នកយកព័ត៌មានថា អ៊ុយក្រែនមិនទាន់ឃើញអ្នកធ្វើការសម្រេចចិត្តណាមួយ ពីគណៈប្រតិភូរុស្ស៊ី ដែលនឹងមានវត្តមាន នៅក្នុងកិច្ចពិភាក្សានោះទេ។

គណៈប្រតិភូនឹងត្រូវដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ អ៊ុយក្រែនលោក Rustem Umerov រួមជាមួយនឹងអ្នកជំនាញ រួមទាំងមន្ត្រីយោធា និងចារកម្ម ដោយកត់សម្គាល់ថា អ៊ុយក្រែន កំពុងរង់ចាំការបញ្ជាក់ពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ អំពីកាលវិភាគពិតប្រាកដសម្រាប់កិច្ចចរចា ដែលរំពឹងថា នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ឬថ្ងៃសុក្រនេះ។

លើសពីនោះ ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់ថា លោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការពិភាក្សា ប្រសិនបើបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌនឹងត្រូវលើកយកទៅពិភាក្សានៅកម្រិតមេដឹកនាំ។

ទន្ទឹមនឹងនេះដែរ លោក Vladimir Medinsky ប្រធានគណៈប្រតិភូរុស្ស៊ី និងជាជំនួយការជាន់ខ្ពស់ របស់ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានលើកឡើងថា ក្រុមរបស់លោក មានជំនាញចាំបាច់ ដើម្បីធ្វើការចរចា ហើយនឹងផ្តោតលើ “ការស្វែងរកដំណោះស្រាយដែលអាចធ្វើទៅបាន” និងមូលដ្ឋានរួមតាមរយៈវិធីសាស្រ្តស្ថាបនា។

ថ្លែងនៅខាងក្រៅស្ថានកុងស៊ុល រុស្ស៊ីនៅទីក្រុងអ៊ីស្តង់ប៊ុល អ្នកការទូតរូបនេះបានឲ្យដឹងថា រុស្ស៊ីចាត់ទុកការចរចា ថ្មីជាមួយអ៊ុយក្រែន នៅទីក្រុងអ៊ីស្តង់ប៊ុលថា ជាការបន្តនៃដំណើរការសន្តិភាព ដែលត្រូវបានរំខាននៅឆ្នាំ២០២២ ដោយអះអាងថា គោលបំណង របស់ក្រុមលោកគឺធានាបានសន្តិភាពយូរអង្វែង តាមរយៈការដោះស្រាយ មូលហេតុនៃជម្លោះ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានដាចដោយឡែកពីគ្នា បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសណាតូនៅទីក្រុង Antalya របស់ប្រទេសតួកគី រដ្ឋមន្ត្រីការបរទេសតួកគី Hakan Fidan បានឲ្យដឹងថា ជាគោលការណ៍ទាំងរុស្ស៊ី និងអ៊ុយក្រែន បានបង្ហាញពីឆន្ទៈរបស់ពួកគេ សម្រាប់បទឈប់បាញ់ ។ ទោះជាយ៉ាងណាក៏ដោយ ភាគីនីមួយៗមានការ ពិចារណារៀងៗខ្លួន៖ អ៊ុយក្រែនអនុគ្រោះ ដល់បទឈប់បាញ់ភ្លាមៗ ដោយគ្មានលក្ខខណ្ឌ ខណៈដែលរុស្ស៊ី ទាមទារថា វិធីសាស្ត្រមួយចំនួនតរូវតែមានការ យល់ព្រមជាមុនសិន៕

To Top