បរទេស៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក S. Jaishankar បានច្រានចោលការអះអាង ដែលធ្វើឡើងដោយប្រធានាធិបតីអាមេរិក លោក Donald Trump ដែលថា ប្រទេសទាំងពីរជិតដល់ការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលទីក្រុងញូវដែលីនឹងលុបចោលជាសំខាន់ លើពន្ធលើទំនិញអាមេរិក។ លោកបានបន្ថែមថា ការចរចារវាងប្រទេសនានានៅតែកំពុងដំណើរការ។
នៅក្នុងវេទិកាធុរកិច្ចមួយក្នុង ប្រទេសកាតាកាលពីថ្ងៃព្រហស្បតិ៍ លោក Trump បានអះអាងថា ឥណ្ឌាបានផ្តល់ជូនអាមេរិក នូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយនឹង “សូន្យពន្ធជាមូលដ្ឋាន” ។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ លោក Jaishankar បាននិយាយថា កិច្ចចរចាពាណិជ្ជកម្មរវាងឥណ្ឌា និងសហរដ្ឋអាមេរិកកំពុងបន្ត និងស្មុគស្មាញ ដោយសង្កត់ធ្ងន់ថា “វាត្រូវតែដំណើរការសម្រាប់ប្រទេសទាំងពីរ” ហើយថា “ការរំពឹងទុក” របស់ពួកគេគឺថាកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយគួរតែ “ផ្តល់ផលប្រយោជន៍ទៅវិញទៅមក” ។
រដ្ឋមន្ត្រីការបរទេសឥណ្ឌាបានបន្ថែមថា វានឹងមិនទាន់កំណត់ក្នុងការវិនិច្ឆ័យលទ្ធផលនៃការចរចារហូតដល់ការចរចាត្រូវបានបញ្ចប់។
ប្រែប្រួលៈ ណៃ តុលា
