ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីការពារជាមុននូវភាពឈឺធ្ងន់ធ្ងរ បណ្តាលមកពីវីរុដកូវីដ-១៩ បំប្លែងថ្មី ហើយការចាក់វ៉ាក់សាំង មាននៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ តាមបណ្តារាជធានី-ខេត្តទាំង២៥។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ របស់លោកស្រី ឱ វណ្ណឌីន នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ លោកស្រី រដ្ឋលេខាធិការ បានឱ្យដឹងថា ដោយសារស្ថានភាពកើតមានការឆ្លងឡើងវិញនូវវីរុសកូវីដ-១៩ បំប្លែងថ្មី ពិសេសពួក ជេអ៉ិន.១ (JN.1) ដែលកំពុងតែចរាចរនៅតាមបណ្តាប្រទេសជិតខាងកម្ពុជា និងនៅតាមតំបន់នៅលើពិភពលោក ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានរួចហើយ ស្តីពី «ការបង្កើនការការពារខ្លួន ពីការឆ្លងវីរុសកូវីដ-១៩» ដូច្នេះ ប្រជាពលរដ្ឋទាំងអស់ បង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ ដែលអាចមានផលប៉ះពាល់សុខភាពដោយសារជំងឺកូវីដ-១៩ ជាពិសេសជនដែលងាយរងគ្រោះ ដូចជា ជនវ័យចាស់ ចាស់ជរា អ្នកដែលមានជំងឺរាំរៃ និងអ្នកដែលមានកងការពារខ្សោយនៅក្នុងខ្លួនជាដើម។

លោកស្រី រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា «ដើម្បីអាចការពារខ្លួនពីការវាយលុកក្នុងសរីរាង្គរាងកាយបុគ្គល ជាពិសេសក្រុមងាយទទួលរងគ្រោះពីជំងឺកូវីដ-១៩នេះ ដែលអាចឈានដល់ភាពធ្ងន់ធ្ងរ និងអាចស្លាប់បាត់បង់ជីវិតបានដែរនោះ ខ្ញុំសូមក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ ជាពិសេស គឺក្រុមងាយរងគ្រោះ ដូចបានរៀបរាប់ខាងលើ នាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ភីហ្វាយហ្សឺ (Pfizer) ដែលមាននៅតាមបណ្តារាជធានី-ខេត្តទាំង២៥ (នៅតាមមណ្ឌលសុខភាព ឫមន្ទីរពេទ្យរដ្ឋ) ចាប់ពីពេលនេះតទៅ»។

លោកស្រី រដ្ឋលេខាធិការ បន្ដថា «សូមកុំភ្លេចវិធានការ ៣ការពារ និង ៣កុំ រួមជាមួយនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ទើបអាចជួយកាត់បន្ថយជាអតិប្បរិមា នូវភាពធ្ងន់ធ្ងរនៃជំងឺ ការចូលសម្រាកពេទ្យ និងការស្លាប់ ដូចដែលយើងទាំងអស់គ្នាឆ្លងកាត់បទពិសោធន៍ទទួលបានលទ្ធផលល្អទាំងនេះ នៅឆ្នាំ២០២១ ដល់ឆ្នាំ២០២២ ស្រាប់ហើយ»។

សូមបញ្ជាក់ថា កម្ពុជាបច្ចុប្បន្នមិនទាន់មានស្ថានភាពឆ្លងឡើងវិញ នូវវីរុសកូវីដ-១៩ នៅឡើយទេ ប៉ុន្តែការ «ការពារប្រសើរជាងព្យាបាល» ជាជម្រើសដ៏ល្អប្រសើរបំផុត សម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា។ រួមគ្នា ដើម្បីកម្ពុជា ចៀសផុតពីការលេចចេញឡើងវិញ នូវការឆ្លងបន្តគ្នានូវវីរុសកូវីដ-១៩ ដោយប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវតែត្រៀមខ្លួន និងការពារខ្លួនទុកជាមុន ឱ្យបានល្អប្រសើរ៕

