បរទេស៖ កងទ័ពអាកាសអ៊ីស្រាអែលបានប្រើប្រាស់យន្តហោះចម្បាំងចំនួន ១៥ គ្រឿងដើម្បីបាញ់មីស៊ីលចំនួន ៣៥គ្រាប់ នៅកំពង់ផែសមុទ្រចំនួនពីរនៅក្នុងតំបន់ដែលគ្រប់គ្រងដោយពួកឧទ្ទាមហួធី ក្នុងប្រទេសយេម៉ែន។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ខ្លួនបានចាប់ផ្តើមយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសលើកំពង់ផែ Hodeidah និង Salif ក្នុងតំបន់គ្រប់គ្រងដោយពួកឧទ្ទាមហូធី នៃភាគខាងលិចប្រទេសយេម៉ែនកាលពីថ្ងៃទី១៦ ខែឧសភា ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់ក្រុមនេះ សំដៅលើទឹកដីអ៊ីស្រាអែលក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
យន្តហោះចម្បាំងចំនួន១៥ គ្រឿងបានចូលរួមក្នុងការវាយប្រហារតាមអាកាស និងបានបាញ់មីស៊ីល សរុបចំនួន ៣៥ គ្រាប់នៃប្រភេទផ្សេងៗគ្នានៅគោលដៅ។ កងទ័ពអាកាសអ៊ីស្រាអែលក៏បានចល័តនាវាដឹកប្រេង និងយន្តហោះឈ្លបយកការណ៍ជាច្រើន ដើម្បីគាំទ្រប្រតិបត្តិការនេះ។
IDF របស់អ៊ីស្រាអែលបាននិយាយថា ការវាយប្រហារនេះគឺមានគោលបំណងធ្វើឱ្យសមត្ថភាពយោធារបស់ពួកឧទ្ទាមហួធី ចុះខ្សោយ និងធ្វើឱ្យកំពង់ផែរបស់ពួកគេលែងមានប្រសិទ្ធិភាព កាត់ផ្តាច់ប្រាក់ចំណូលសេដ្ឋកិច្ចរបស់ពួកគេ និងការពារពួកគេពីការទទួលបានអាវុធបន្ថែមទៀតពីអ៊ីរ៉ង់។
កំពង់ផែ Hodeidah និង Salif ក៏ដូចជាអាកាសយានដ្ឋានអន្តរជាតិក្នុងរដ្ឋធានី Sanaa ប្រទេសយេម៉ែនត្រូវបានវាយប្រហារដោយកងកម្លាំងអាកាសអ៊ីស្រាអែលកាលពីថ្ងៃទី៦ ខែឧសភា៕
ប្រែប្រួលៈ ណៃ តុលា
