ព័ត៌មានអន្តរជាតិ

មេដឹកនាំអឺរ៉ុប ជំរុញឱ្យអ៊ីស្រាអែល បញ្ចប់ការវាយប្រហារនៅតំបន់ហ្គាហ្សា ចំពេលមានវិបត្តិមនុស្សធម៌កើនឡើង

xinhua

ព្រុចសែល៖ នៅពេលដែលអ៊ីស្រាអែល បង្កើនប្រតិបត្តិការយោធារបស់ខ្លួន នៅតំបន់ហ្គាហ្សាស្ទ្រីប មេដឹកនាំអឺរ៉ុបមួយចំនួន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញស្ថានការណ៍មនុស្សធម៌ ដែលកាន់តែអាក្រក់ ដោយជំរុញឱ្យអ៊ីស្រាអែល បញ្ចប់គោលនយោបាយបច្ចុប្បន្នរបស់ខ្លួន និងអំពាវនាវឱ្យមានកិច្ចអន្តរាគមន៍មនុស្សធម៌ជាបន្ទាន់។

កាលពីថ្ងៃសៅរ៍ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa បានសម្តែងការខកចិត្តរបស់លោក នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយបញ្ជាក់ថា លោកមានការភ្ញាក់ផ្អើល ចំពោះការវិវត្តន៍នៅក្នុងតំបន់ហ្គាហ្សា និងទាមទារឱ្យបញ្ចប់អំពើហិង្សាជាបន្ទាន់ នៅក្នុងនោះដែរ លោកបានជំរុញឲ្យរដ្ឋាភិបាលអ៊ីស្រាអែល ដកការបិទផ្លូវ និងធានាសុវត្ថិភាពជាបន្ទាន់ និងគ្មានការរារាំងចំពោះជំនួយមនុស្សធម៌។

លោកបានលើកឡើងថា “អ្វីដែលកំពុងកើតឡើងនៅក្នុងតំបន់ហ្គាហ្សា គឺជាសោកនាដកម្មមនុស្សធម៌។ ប្រជាជនក្នុងតំបន់ទាំងមូល ត្រូវទទួលរងនូវគ្រោះមហន្ដរាយ ដោយសារតែជម្លោះយោធា ហើយច្បាប់អន្តរជាតិត្រូវបានរំលោភជាប្រព័ន្ធ”។ លោកបានសង្កត់ធ្ងន់លើភាពបន្ទាន់នៃបទឈប់បាញ់ប្រកបដោយនិរន្តរភាព និងការដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។

គួរបញ្ជាក់ថា ប្រទេសន័រវេស អ៊ីស្លង់ អៀរឡង់ លុចសំបួ ម៉ាល់តា ស្លូវេនី និងអេស្បាញ បានដាក់ជំហរស្រដៀងគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “យើងនឹងមិននៅស្ងៀមនៅចំពោះមុខគ្រោះមហន្តរាយមនុស្សធម៌ ដែលបង្កើតឡើងដោយមនុស្ស ដែលកំពុងកើតឡើងនៅចំពោះមុខយើងនៅតំបន់ហ្គាហ្សានោះទេ” ។

ដោយសង្កត់ធ្ងន់ថាមនុស្សជាង ៥០,០០០ នាក់បានស្លាប់ បណ្តាប្រទេសនានា បានព្រមានថា មនុស្សជាច្រើនទៀតអាចប្រឈមនឹងការអត់ឃ្លានក្នុងរយៈពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍ខាងមុខនេះ ប្រសិនបើគ្មានកិច្ចអន្តរាគមន៍ជាបន្ទាន់។ មេដឹកនាំបានអំពាវនាវដល់រដ្ឋាភិបាលអ៊ីស្រាអែល ឱ្យផ្លាស់ប្តូរគោលនយោបាយបច្ចុប្បន្នរបស់ខ្លួនជាបន្ទាន់ លុបចោលការបិទផ្លូវទាំងស្រុង និងអនុញ្ញាតឱ្យចូលដំណើរការ ឬប្រើប្រាស់ជំនួយមនុស្សធម៌យ៉ាងឆាប់រហ័ស និងគ្មានការរារាំងនៅទូទាំងតំបន់ហ្គាហ្សា។

មេដឹកនាំគ្រប់រូប ក៏បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត ចំពោះដំណោះស្រាយរដ្ឋពីរ និងសិទ្ធិសម្រេចដោយខ្លួនឯងរបស់ប្រជាជនប៉ាឡេស្ទីន ដោយសន្យាថានឹងធ្វើការក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ និងសហការជាមួយដៃគូក្នុងតំបន់ ដើម្បីបន្តដំណោះស្រាយដោយសន្តិភាព និងនិរន្តរភាព។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់លើកទី ៣៤ នៅទីក្រុងបាកដាដ កាលពីថ្ងៃសៅរ៍ នាយករដ្ឋមន្ត្រីអេស្ប៉ាញ បានអំពាវនាវឱ្យមានសម្ពាធអន្តរជាតិដើម្បីបញ្ឈប់នូវអ្វីដែលលោកហៅថា “ការសម្លាប់រង្គាលរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា” ។ លោកបានលើកឡើងថា អេស្ប៉ាញ គ្រោងនឹងដោះស្រាយសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលស្នើសុំសេចក្តីសម្រេចរបស់តុលាការពិភពលោកស្តីពីការផ្តល់ជំនួយទៅកាន់តំបន់ហ្គាហ្សា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top