ព័ត៌មានជាតិ

សម្តេចធិបតី៖ យើងនៅតែដើរទៅមុខ ប៉ុន្តែ​យើងក៏មិនត្រូវភ្លេច នូវអតីតកាលដ៏ឈឺចាប់នោះដែរ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ថ្ងៃ២០ឧសភា ជាទិវាជាតិនៃការចងចាំ ដែលការចងចាំនេះ មិនមែនកម្ពុជា មិនវិវឌ្ឍខ្លួនដើរទៅមុខនោះទេ ប៉ុន្តែ​ក៏មិនត្រូវភ្លេច នូវអតីតកាលដ៏ឈឺចាប់​ ដែលប្រជាពលរដ្ឋខ្មែររាប់លាននាក់ ដែលបានស្លាប់ដោយសារខ្មែរក្រហម ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ៨ខែ២០ថ្ងៃនោះដែរ ។

ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រផលិត ស៊ីម៉ងត៍ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា នៅក្នុងយុគ្គសម័យខ្មៅងងឹតនូវរបប ប៉ុល ពត់ សង្គ្រាមស៊ិវិល សេដ្ឋកិច្ចកម្ពុជា រួមទាំងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានបំផ្លាញខ្ទិចខ្ទាំលើគ្រប់វិស័យ រួមទាំងវិស័យរ៉ែផងដែរ ។

ក្នុងនោះសម្តេចធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ពិតមែនតែប្រទេសជាតិ ត្រូវបានរំដោះចេញពីក្រញាំពួកឃាតករប្រល័យ ពូជសាសន៍ ប៉ុល ពត់ ក៏ដោយ ប៉ុន្តែសង្គ្រាមស៊ីវិល នៅតែបន្តនៅតំបន់ជាច្រើន ក្នុងប្រទេស ដែលតំបន់ទាំងនោះសុទ្ធសឹងតែជាជម្រករ៉ែ ធ្វើឱ្យការស្វែងរ៉ុករក និងការអភិវឌ្ឍ មិនអាចដំណើរការបាន ។

បន្ថែមលើនេះ សម្តេចធិបតី ថ្លែងថា ក្រោយថ្ងៃ២៩ធ្នូ១៩៩៨ ដែលជាថ្ងៃមហាជោគជ័យ នយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បីតាស្ថាបនិក នៃសន្តិភាព អគ្គមគ្គុទេសក៍ឯកនៃនយោបាយឈ្នះឈ្នះ ប្រទេសកម្ពុជា ចាប់ផ្តើមមានសុវត្ថិភាព មានសុខសន្តិភាព ស្ថេរភាពពេញលេញ គ្មានតំបន់អភិគមន៍ ប្រទេសជាតិត្រូវបានបង្រួបបង្រួមក្រោមការដឹកនាំ របស់រដ្ឋាភិបាលតែមួយ ដែលពុំធ្លាប់មានឡើយ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ជាង៥០០ឆ្នាំ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ថ្ងៃនេះ គឺថ្ងៃ២០ឧសភា ពីមុនយើងហៅថា ថ្ងៃចងកំហឹង ប៉ុន្តែគឺជាថ្ងៃនៃទិវាចងចាំ ចងចាំ ប្រជាពលរដ្ឋយើងរាប់លាននាក់ ដែលបានស្លាប់ដោយខ្មែរក្រហម ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ៨ខែ២០ថ្ងៃ ចឹងអត្ថន័យនៃការសម្ពោធសមទ្ធផលនៅទីនេះ គឺវាភ្ជាប់ទៅនឹងទិវាប្រវត្តិសាស្ត្ររបស់យើង តើយើងចាំបាច់រំលឹកទេ នូវអ្វីដែលបានកន្លងហួសទៅហើយ តើយើងនៅជាប់ផុងជាមួយអតីតកាលដោយមិនវិវឌ្ឍទេ គឺអត់ទេ យើងនៅតែដើរទៅមុខ ប៉ុន្តែយើងក៏មិនត្រូវភ្លេច នៅអតីតកាលដ៏ឈឺចាប់របស់យើងផងដែរ ។ ហើយថ្ងៃនេះ ជាថ្ងៃទិវានៃការរំលឹក ទៅដល់ប្រជាពលរដ្ឋ ដែលបានស្លាប់នៅក្នុងរបបនោះ ប៉ុន្តែក៏ជាទិវាត្រូវចងចាំ ពីមូលហេតុអ្វីបានជាមានរបបខ្មែរក្រហម”៕

To Top