ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល អមដំណើរដោយ លោក អ៊ិន តារា ឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃក្រសួងសុខាភិបាល ចូលរួមពិធីបើកមហាសន្និបាត សុខភាពពិភពលោក លើកទី៧៨ ក្រោមប្រធានបទ «ពិភពលោករួមគ្នាតែមួយ ដើម្បីសុខភាព One World for Health» នាថ្ងៃទី១៩ ឧសភា។

មហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ ត្រូវបានរៀបចំក្នុងបំណងសំខាន់រួមមួយនោះ គឺត្រិះរិះពិចារណារអំពី “អាទិភាពទាំងឡាយសម្រាប់សុខភាពសកល និងកត្តាប្រឈម The global health priorities and challenges” ដែលក្នុងនោះមហាសន្និបាតកម្រិតពិភពលោក មានក្តីរំពឹងចម្បងៗ ដោយពិនិត្យរួមគ្នាស៊ីជម្រៅលើប្រធានបទ បម្រែបម្រួលអកាសធាតុ ៖ គម្រោងសកម្មភាពសាកល លើបញ្ហាប្រឈមការបម្រែបម្រួល អាកាសធាតុ និងសុខភាព , សុខភាព ក្នុងកម្មវិធីគ្រោងទុក ដើម្បីការអភិវឌ្ឍន៍ចេរភាព ២០៣០ , បញ្ហាចម្បង នៃភាពស៊ាំ នឹងការប្រើប្រាស់ មិនបានត្រឹមត្រូវថ្នាំផ្សះបង្ការនិងព្យាបាលរោគឆ្លង , សមត្ថភាពឆ្លើយតប និងរៀបចំជាមុន បញ្ហាបន្ទាន់ៗនៃសុខភាព និងលទ្ធផលនៃកិច្ចពិគ្រោះយោបល់មិនផ្លូវការ របស់រដ្ឋសមាជិក លើកិច្ចព្រមព្រៀងរបស់អង្គការ សុខភាពពិភពលោក អំពីការឆ្លងរោគជាសាកល ៕











