ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ និងស្ថានទូតចិនប្រចាំកម្ពុជា នឹងរៀបចំពិធីបើកជាផ្លូវការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» នាថ្ងៃទី២៣ឧសភា

ភ្នំពេញ៖ ក្រសួងទេសចរណ៍ ឱ្យបានដឹងថា ដោយទទួលបានគោលការណ៍អនុញ្ញាត ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំពិធីបើកជាផ្លូវការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។

យោងតាមសេចក្តីជូនដំណឹង ស្តីពីការរៀបចំពិធីបើកជាផ្លូវការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» ថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នេះ កើតចេញពីលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់ ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ដោយប្រមុខរដ្ឋាភិបាលទាំងពីរ បានឯកភាពកំណត់យកឆ្នាំ២០២៥ ជា «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន»។

ក្នុងនោះ ព្រឹត្តិការណ៍នេះ នឹងមានការសម្តែងទស្សនីយភាពសិល្បៈរួមគ្នា កម្ពុជា-ចិន នាល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខ។ ដោយឡែក នៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នឹងមានការសម្តែង ទស្សនីយភាពសិល្បៈរួមគ្នា កម្ពុជា-ចិន សម្រាប់មហាជនទស្សនា នៅបរិវេណសួនច្បារ តេជោមាសតេជោយ៉ត តាមបណ្តោយផ្លូវថ្មើជើងមាត់ទន្លេចតុមុខ។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍ បានអំពាវនាវដល់ សាធារណជន សមាគម ទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធនានា អញ្ជើញចូលរួមឱ្យបានច្រើនកុះករ ព្រមទាំងចូលរួមផ្សព្វផ្សាយ ព្រឹត្តិការណ៍ខាងលើ ឱ្យបានទូលំទូលាយ តាមគ្រប់មធ្យោបាយ និងគ្រប់រូបភាព សំដៅទាក់ទាញចំណាប់ អារម្មណ៍ភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យមក ទស្សនា និងវិនិយោគនៅកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត៕

To Top