ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវា នៃ ការចងចាំ ថ្ងៃ ទី២០ ខែឧសភា ឆ្នាំ២០២៥ នៅមណ្ឌលឧក្រិតកម្មភ្នំប្រុស

កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០២៥ នេះ បានប្រារព្ធទិវា នៃ ការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នឹងមានការ ជួបជុំរាប់បាតព្រះសង្ឃ នៅ មណ្ឌលឧក្រិតកម្មភ្នំប្រុស ក្នុងស្រុកកំពង់សៀម ដើម្បីឧទ្ទិស កុសលជូនដល់ អ្នកស្លាប់ក្នុងរបបខ្មែរក្រហម។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ការប្រារព្ធពិធី ទិវាជាតិនៃការចងចាំរបស់យើងនៅពេលនេះ ចំពេលដែលប្រទេសជាតិ យើងកំពុងមានសុខសន្តិភាព ស្ថេរភាពយ៉ាងរឹងមាំ និងរក្សាបាននូវប្រក្រតីភាព នៃជីវភាពរស់នៅរបស់ប្រជាជន ខណៈសភាពការណ៍អន្តរជាតិ កំពុងវិវត្តន៍យ៉ាងស្មុគស្មាញ។ ដើម្បីចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌ ឈានទៅសម្រេចនូវចក្ខុវិស័យរយៈពេលមធ្យមរបស់កម្ពុជានៅឆ្នាំ២០៣០ និងរយៈពេលវែងនៅឆ្នាំ២០៥០ សូមឱ្យបងប្អូនប្រជាពលរដ្ឋ យុវជន ចូលរួមអនុវត្តនូវចំណុចមួយចំនួនរួមមាន ៖

ទី១- សូមចូលរួម ជ្រែងខ្ពស់ទង់មហាសាមគ្គីជាតិ ក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជា-ណាចក្រកម្ពុជា និងក្រោមម្លប់នៃអង្ពព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីបង្រួបបង្រួមកម្លាំងសាមគ្គីប្រជាជាតិខ្មែរទាំងមូល ដោយឥតប្រកាន់ព័ណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ អតីតកាល ដើមកំណើតជាតិ ឋានៈ សង្គម ធនធាន ឬស្ថានភាពផ្សេងទៀត ដើម្បីកសាងសង្គម ។

ទី២- សូមចូលរួម ថែរក្សាសន្តិភាព និងកេរដំណែលជាប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសភាពជោគជ័យក្នុងការអនុវត្តនយោបាយឈ្នះ ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទ្ទេសឯក ដែលបានបញ្ចប់សង្គ្រាម ស៊ីវីលទាំងស្រុងនៅកម្ពុជា ធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្តិភាព និងឯកភាពជាតិពេញលេញ។

ទី៣- សូមចូលរួម ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម តាមរយៈការចូលរួមអនុវត្តគោល នយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យបានរឹងមាំទប់ស្កាត់ និងកម្ចាត់រាល់ទម្រង់នៃនយោបាយ និងសកម្មភាពរបស់ពួកជ្រុលនិយម និងមជ្ឈដ្ឋានអគតិនានា ដែលប៉ុនប៉ងនាំកម្ពុជាឱ្យឃ្លាតពីមាគ៌ាប្រជាធិបតេយ្យ នីតិរដ្ឋបង្កការបាក់បែកជាតិ បំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ និងដំណើរការប្រជាធិបតេយ្យ នៅកម្ពុជា ដើម្បីធានាការអភិឌ្ឍ សេដ្ឋកិច្ច សង្គម និងភាពសុខសាន្តជូនប្រជាជនទាំងផ្លូវកាយ និងផ្លូវចិត្ត ។

ទី៤- សូមចូលរួមការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ប្រឆាំងដាច់ខាតរាល់សកម្មភាពធ្វើឱ្យប៉ះពាល់ដល់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ បន្តពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នីតិរដ្ឋ ឱ្យចាក់គ្រឹះកាន់តែរឹងមាំពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន ការពារ និងលើកស្ទួយសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាជន។

ទី៥- សូមចូលរួមគាំទ្រ និងអនុវត្តគោលនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សំដៅរក្សាស្ថិរភាពក្នុងការរស់នៅរបស់ប្រជាជន តាមរយៈការអភិវឌ្ឍ និងការពង្រឹងប្រព័ន្ធគាំពារសង្គមដែលរួមមានប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ប្រកបដោយប្រសិទ្ធភាព និងចីរភាព ដែលជួយគាំពារប្រជាជនគ្រប់រូប ជាពិសេសគ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ពីគ្រោះអាសន្ន និងវិបត្តិនានា ដោយមិនទុកឱ្យជនណាម្នាក់ទទួលរងគ្រោះ ដោយពុំបានយកចិត្តទុកដាក់នោះឡើយ។

ទី៧- ដោយសារស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ នៅតែបន្តមាននៅឡើយ ដូចនេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងអង្គភាពសាធារណៈ និងឯកជន់អាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តពួតដៃរួមគ្នា ក្នុងការការពារសុខភាពរបស់បងប្អូន និងទីកន្លែងធ្វើការរបស់ខ្លួន ដោយមានការប្រុងប្រយ័ត្នខ្ពស់ និងមានភាពទទួលខុសត្រូវ បន្តអនុវត្តនូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន នូវវិធានអនាម័យដោយលាងដៃជាមួយសាប៊ូ ឬជាមួយអាល់កុល និងពាក់ម៉ាសក្នុងករណីចាំបាច់។

To Top