ព័ត៌មានអន្តរជាតិ

ប្រព័ន្ធ 5G-A ដែលកាន់តែលឿន ជាកាលានុវត្តភាពថ្មី នៃពិភពលោក

មួយរយៈពេលចុងក្រោយនេះ ពលរដ្ឋជាច្រើនដែលរស់នៅទីក្រុងប៉េកាំង និងទីក្រុងធំៗមួយចំនួនរបស់ប្រទេសចិន ដែលប្រើប្រាស់ទូរស័ព្ទដៃស៊េរីថ្មី នឹងសង្កេតឃើញថា នៅត្រង់កន្លែងមានសញ្ញាសេវាទូរស័ព្ទ ដែលកន្លងមកបង្ហាញតែតួលេខ 5G ស្រាប់តែលេចចេញអក្សរ A នៅពីក្រោយ ពោលគឺ 5G-A ។ តើ 5G-A សំដៅទៅលើអ្វី ? ហេតុអ្វីស្រាប់តែលេចចេញសញ្ញាបែបនេះ ?

តាមពិតទៅ ប្រព័ន្ធ 5G-A មកពីពាក្យពេញថា 5G-Advanced ដែលជាកំណែអាប់ដេតនៃប្រព័ន្ធ 5G ពោលគឺជាសេវាអ៊ីនធឺណិតដែលកាន់តែលឿន កាន់តែមានភាពនឹងនរនិងកាន់តែវៃឆ្លាត ។ បើតាមការធ្វើតេស្ត បច្ចេកវិទ្យាប្រព័ន្ធ 5G-A មានល្បឿនលឿនជាងប្រព័ន្ធ 5G រហូតដល់ទៅ ១០ ដង ដែលអាចនិយាយបានថា ការអភិវឌ្ឍប្រព័ន្ធ 5G-A ជាជំហានដ៏គន្លឹះមួយសម្រាប់ឈានទៅរកការ អភិវឌ្ឍបច្ចេកវិទ្យាប្រព័ន្ធ 6G នាពេលអនាគត ។

គួររំលឹកថា នៅក្នុងរបាយការណ៍ ការងាររដ្ឋាភិបាលចិន ដែលលោក លី ឈាង នាយករដ្ឋមន្ត្រីចិន បានថ្លែងក្នុងមហាសន្និបាត នៃសភាតំណាងប្រជាជនទូទាំង ប្រទេសចិនឆ្នាំនេះ បានគូសរំលេចពីផែនការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាប្រព័ន្ធ 6G និង«ឧស្សាហកម្ម នាពេលអនាគត»របស់ប្រទេសចិន ។ នេះជាសញ្ញាបង្ហាញទៅកាន់ពិភពលោកថា បច្ចុប្បន្ន បច្ចេកវិទ្យាប្រព័ន្ធ 5G របស់ចិនមានស្ថិរភាពនិងមានភាពចាស់ទុំ ហើយបាននិងកំពុងឈានទៅរ កការបើកទំព័រថ្មីនៃប្រព័ន្ធ 6G ។

បើតាមការឱ្យដឹងពីអ្នកជំនាញពាក់ព័ន្ធ បច្ចុប្បន្ននេះ ប្រតិបត្តិករទូរគមនាគមន៍របស់ចិន បានចាប់ផ្តើមផ្គត់ផ្គង់សេវាអ៊ីនធឺណិត 5G-A សម្រាប់អតិថិជនចំនួន ៥០ លាននាក់ក្នុងដំណាក់កាលធ្វើតេស្តនៅទូទាំងប្រទេសចិន ហើយការធ្វើតេស្តដូចគ្នានេះក៏បានធ្វើឡើងក្នុងពេលដំណាលគ្នានៅតំបន់មួយចំនួន ដូចជាអឺរ៉ុប អាមេរិកឡាទីន និងមជ្ឈិមបូព៌ាផងដែរ ។ តាមរយៈការធ្វើតេស្តនេះ បានបង្ហាញថា នាពេលខាងមុខមិនជាយូរប៉ុន្មាន មិនត្រឹមតែប្រជាជនចិនប៉ុណ្ណោះទេ ប្រជាជននៃប្រទេសនិងតំបន់ ជាច្រើនលើពិភពលោកនឹងបានប្រើប្រាស់បច្ចេកប្រព័ន្ធ 5G-A របស់ចិនដែលមានសេវាកាន់ តែនឹងនរនិងល្បឿនកាន់តែលឿន ។

បច្ចុប្បន្ន ពិភពលោកកំពុងស្ថិតក្នុងបរិការណ៍នៃបដិវត្តន៍ឧស្សាហកម្មទី ៤ ឬហៅថាយុគសម័យឌីថីថល ដូច្នេះ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ នៃប្រទេសនីមួយៗ បានធ្វើបរិវត្តកម្មឌីជីថល ពីការអភិវឌ្ឍសេដ្ឋកិច្ច បែបប្រពៃណីទៅជាការអភិវឌ្ឍ សេដ្ឋកិច្ចឌីជីថល ។ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ទៀតសោត ក៏មិនអាចឃ្លាតពីការទ្រទ្រង់ ដោយបណ្តាញទូរគមនាគមន៍នោះឡើយ ហើយដែលកន្លងមកបច្ចេកវិទ្យាប្រព័ន្ធ 5G បានដើរតួនាទីគន្លឹះ សម្រាប់ការតភ្ជាប់ធុរកិច្ចឌីជីថល អន្តរជាតិក្នុងល្បឿនលឿនរហ័សទាន់ចិត្ត ។

ក្នុងនាមជាតួអង្គដ៏សំខាន់មួយនៃសេដ្ឋកិច្ចឌីជីថល បញ្ញាសិប្បនិម្មិត ( AI ) បាននិងកំពុងដើរចូលជីវភាពរស់នៅរបស់មនុស្សយើងតាមវិធីផ្សេងៗ ។ ការប្រតិបត្តិនៃប្រព័ន្ធ AI ត្រូវមានប្រព័ន្ធ 5G ជាគោល អាស្រ័យហេតុនេះ ការសម្រេចបាននូវការកសាងប្រព័ន្ធ 5G-A នឹងធ្វើឱ្យរូបមន្តអភិវឌ្ឍន៍បែប«ប្រព័ន្ធ 5G-A បូក AI» កាន់តែបន្ស៊ីគ្នាថែមទៀត ដែលនឹងបង្កើតជាកម្លាំងចលករកាន់តែខ្លាំងក្លាសម្រាប់រួមចំណែកដល់ការអភិវឌ្ឍនៃសេដ្ឋកិច្ចឌីជីថល ។ បើតាមតួលេខពាក់ព័ន្ធ ក្នុងចំណោមប្រភេទសេដ្ឋកិច្ចធំៗទាំង ៩៧ ប្រភេទរបស់ប្រទេសចិន មានចំនួន ៨៧ ប្រភេទធំៗបានរួមបញ្ចូលជាមួយប្រព័ន្ធ 5G ។ ឯការចាប់កំណើតនៃប្រព័ន្ធ 5G-A នឹងជំរុញថែមទៀតនូវប្រសិទ្ធភាពនៃការរួមបញ្ជូលគ្នាដោយស៊ីជម្រៅរវាងសេដ្ឋកិច្ចពិតនិងសេដ្ឋកិច្ចឌីជីថល ។

គោលដៅធំបំផុត នៃការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាគឺដើម្បីបម្រើដល់ ផលប្រយោជន៍របស់មនុស្សជាតិ ។ ចាប់ពីបច្ចេកវិទ្យាប្រព័ន្ធ 2G ដល់ប្រព័ន្ធ 5G-A ប្រទេសចិនបានដើរតួនាទីកាន់តែសំខាន់ឡើងៗ ក្នុងការផ្គត់ផ្គង់សេវាទូរគមនាគមន៍ ឈានមុខ ដែលបានផ្លាស់ប្តូរទាំងជីវភាពរស់នៅ របស់ប្រជាជន និងសេដ្ឋកិច្ចជាតិនៃប្រទេសជាច្រើន ។ ជាពិសេស ការចែករំលែកនូវបច្ចេកវិទ្យាប្រព័ន្ធ 5G-A ដែលជាបច្ចេកវិទ្យាទូរគមនាគមន៍ ចុងក្រោយរបស់ចិន ជាមួយបណ្តាប្រទេសនានា លើពិភពលោក មិនត្រឹមតែជាការរួម ចំណែកដ៏សំខាន់សម្រាប់ការពន្លឿន ការធ្វើបរិវត្តកម្មឌីជីថល របស់ពិភពលោក ប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងរួមចំណែកសម្រាប់ការតភ្ជាប់គ្នានៃពិភពលោក ដើម្បីសម្រេចបាននូវសមាហរណកម្ម សេដ្ឋកិច្ចសកលផងដែរ ៕

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top