ព័ត៌មានជាតិ

ពន្ធដារ នឹងចាប់ផ្តើមប្រមូលពន្ធ លើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១ មិថុនាតទៅ

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៥ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ តទៅ។

យោងតាមសេចក្តីជូនដំណឹង ស្តីពី ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ចំពោះយានយន្តទាំងអស់ ដែលធ្លាប់ចុះបញ្ជី ក្នុងប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយ របស់អគ្គនាយកដ្ឋានពន្ធដារកន្លងមក ទាំងមានបណ្ណសម្គាល់ការបង់ពន្ធ (កាត) និងពុំមានបណ្ណសម្គាល់ការបង់ពន្ធ ត្រូវបានអនុញ្ញាតឱ្យម្ចាស់យានយន្តបង់ពន្ធនេះ ដោយពុំតម្រូវឱ្យបំពេញ លិខិតប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូននោះទេ ដោយគ្រាន់តែបង្ហាញ ឬភ្ជាប់ មកនូវឯកសារ ដែលអាចបញ្ជាក់អត្តសញ្ញាណយានយន្តណាមួយ ដូចជា៖ បណ្ណសម្គាល់យានយន្ត ឬបង្កាន់ដៃទទួល ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឬលតាបត្របង់ពន្ធឆ្នាំចាស់ សម្រាប់ឱ្យមន្ត្រីពន្ធដារ ឬបុគ្គលិកធនាគារពាណិជ្ជដៃគូ ធ្វើការផ្ទៀងផ្ទាត់ទិន្នន័យ ក្នុងប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយ របស់អគ្គនាយកដ្ឋានពន្ធដារ ។

ចំពោះយានយន្តថ្មីដែលត្រូវចុះបញ្ជីលើកដំបូង ម្ចាស់យានយន្តត្រូវដាក់លិខិតប្រកាសបង់ពន្ធ ចំនួន ២សន្លឹក តាមទម្រង់ VT 001 របស់អគ្គនាយកដ្ឋានពន្ធដារ ដោយភ្ជាប់មកជាមួយនូវឯកសាររួមមាន៖ បណ្ណសម្គាល់យានយន្ត អត្តសញ្ញាណបណ្ណផ្ទាល់ របស់កម្មសិទ្ធិករ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ចំពោះរថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរ។
ចំពោះយានយន្តប្រើប្រាស់ថាមពលអគ្គិសនី ប្រ​ភេទទេសចរណ៍ចាប់ពីឆ្នាំ២០២៥តទៅ ត្រូវបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនតាមកម្លាំងសេះ (HP) ដូចមានក្នុងតារាងអត្រាពន្ធ ត្រង់ចំណុចទី៦ នៃប្រការ៤ នៃប្រកាសលេខ ៧៣៨ សហវ.ប្រក. អពដ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ។

ក្នុងនោះ ម្ចាស់យានយន្តអាចធ្វើការបង់ពន្ធនៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារ កាណាឌីយ៉ា ក.អ ឬនៅធនាគារអេស៊ីលីដា ភីអិលស៊ី ឬនៅធនាគារវឌ្ឍនៈ ឬនៅធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី ឬនៅធនាគារជេ ត្រាស់ រ៉ូយ៉ាល់ ឬនៅធនាគារស្ថាបនា ភីអិលស៊ី ឬនៅធនាគារប្រៃសណីយ៍កម្ពុជា ក.អ ឬនៅ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ ឬនៅធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ឬនៅធនាគារវឹង (ខេមបូឌា) ម.ក ធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី ឬនៅធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក និងធនាគារ ខេប៊ី ប្រាសាក់ ម.ក ឬនៅ តាមធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬអាចបង់តាមរយៈកម្មវិធី “GDT Taxpayer App” ដែលអាចទាញយកចេញពី App Store ចំពោះ iOS ឬ Play Store ចំពោះ Android សម្រាប់ យានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនកន្លងមក៕

To Top