ព័ត៌មានជាតិ

រដ្ឋមន្ត្រី ហេង សួរ ៖ រោងចក្រកើនឡើង ប្រមាណជិត៦០០ ក្នុងរយៈពេលជាង១ឆ្នាំ ខណៈដែលប្រាក់ឈ្នួល សរុបរបស់កម្មករប្រចាំឆ្នាំ មានជិត៦ ពាន់លានដុល្លារ

ព្រះសីហនុ ៖ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ បានអះអាងថា ប្រាក់ឈ្នួលនៅកម្ពុជា មានការកើនឡើងជិត៦ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ខណៈរោងចក្រសហគ្រាស បានកើនឡើងពី៤៤ ៧៩៨ ដល់៤៥ ៣៨៦សហគ្រាសនៅត្រឹមខែមេសា ឆ្នាំ២០២៥នេះ។

នេះគឺជាការគូសបញ្ជាក់ដែលលោករដ្ឋមន្ត្រី បានថ្លែងក្នុងពិធីអបអរសាទរ ការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយ បងប្អូនកម្មករនិយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្រ្តី​បានគូសបញ្ជាក់ថា៖ គិតពីដំណាច់ឆ្នាំ២០២៤ ដល់ត្រឹមខែមេសា ឆ្នាំ២០២៥ នេះ សហគ្រាស គ្រឹះស្ថាន បានកើនពីចំនួន ៤៤ ៧៩៨ ដល់ចំនួន ៤៥ ៣៨៦សហគ្រាស ហើយកម្មករនិយោជិតបានកើន ពីប្រមាណ ១,៨២លាននាក់ ដល់ប្រមាណ ១,៨៧លាននាក់ ដែលអាចផ្តល់ប្រាក់ឈ្នួលជូនបងប្អូន កម្មករនិយោជិតមធ្យមសរុប ប្រចាំឆ្នាំប្រមាណ ៦ពាន់លានដុល្លារអាម៉េរិក។ ក្នុងនោះ គ្រាន់តែវិស័យកាត់ដេរមានសហគ្រាស គ្រឹះស្ថានសរុបចំនួន ១ ៦៥៧សហគ្រាស មានកម្មករនិយោជិតប្រមាណ ៩៧ម៉ឺននាក់ ទទួលបានប្រាក់ឈ្នួល មធ្យមសរុបប្រចាំឆ្នាំប្រមាណ ៣,១ពាន់លាន ដុល្លារអាម៉េរិក។

សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធ បានរៀបចំពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគ ចំនួន២០០នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយមានបងប្អូនកម្មករនិយោជិតចូលរួម សរុបប្រមាណ៣,២ម៉ឺននាក់មកពីតំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងនោះស្ត្រីមានផ្ទៃពោះចំនួន៧៥១នាក់៕

To Top