ព័ត៌មានជាតិ

សម្តេចធិបតី ៖ កម្ពុជាទទួលយក អ្នកវិនិយោគចិន អាមេរិក បារាំង អឺរ៉ុបនិងប្រទេសផ្សេងទៀត ដោយគ្មានរើសអើង

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសស្វាគមន៍រាល់ការ វិនិយោគពីគ្រប់ បណ្តាប្រទេសនានា មកពីពិភពលោកមិនថា មកពីមហាអំណាចចិន អាមេរិក បារាំង អឺរ៉ុប និងប្រទេសផ្សេងៗទៀត ក្នុងពិភពលោក ដោយគ្មានការរើសអើង ប្រទេសណាមួយនោះទេ ។

ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្រ្តីនេះ ដើម្បីឆ្លើយតបទៅក្រុមឧទ្ទាមក្រៅច្បាប់ដែលបានរិះគន់កម្ពុជា ទទួលតែក្រុមវិនិយោគមកពីចិន ដែលពួកគេបានប្រៀបធៀបថា អ្នកវិនិយោគរបស់ចិន ប្រៀបបីដូចជាស្ពៃ ដែលគ្មានអ្នកណាត្រូវការ ខុសពីអ្នកវិនិយោគមកពីអាមេរិក ដែលប្រៀបដូចសាច់គោលមានតម្លៃថ្លៃ ដែលមនុស្សគ្រប់គ្នាត្រូវការ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព អបអរសាទរតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុទទួលបានក្រុមហ៊ុនវិនិយោគ ចំនួន២០០ក្រុមហ៊ុន នៅព្រឹកថ្ងៃ២២ ឧសភា សម្តេចមហាបវរធិបតី បានមានប្រសាសន៍ថា រឿងហេតុអ្វីបានជាយើង ត្រូវរើសអើងអ្នកវិនិយោគ? បើប្រទេសគេនៅប៉ែកអឺរ៉ុបមិនរើសអើងផង ពោលជារួមគឺទាំងសាច់គោមកពីអាមេរិក និងបន្លែស្ពៃមកពីចិនទទួលយកទាំងអស់ ដើម្បីទ្រទ្រង់ដល់ កំណើនសេដ្ឋកិច្ចជាតិ ។

សម្ដេចធិបតីបានគូសបញ្ជាក់ថា ហេតុនេះ ក្នុងនាមជាថ្នាក់ដឹកនាំកម្ពុជា គឺសម្តេចស្វាគមន៍រាល់ក្រុមអ្នក វិនិយោគទាំងអស់មិនថា មកពីមហាយក្សចិន អាមេរិក ជប៉ុន កូរ៉េ និងប្រទេសផ្សេងទៀតទេ ដើម្បីជំរុញសេដ្ឋកិច្ចជាតិ និងបង្កើនចំណូលដល់ពលរដ្ឋកម្ពុជា ។

សម្តេចធិបតីមានប្រសាសន៍សង្ក់ធ្ងន់ថា “ពេលដែលអាមេរិក-ចិនមានការចរចាគ្នារឿងពាណិជ្ជកម្ម គេចោទរដ្ឋាភិបាលខ្មែរថា យកស្ពៃ យកសាច់គោ ។ មិនថាស្ពៃ មិនថាសាច់គោ មិនថាបង្គា បង្កង កំពិស មិនថាផ្លែឈើ កម្ពុជាយកទាំងអស់ អត់មានរើសប្រទេសណាទេ ។ ក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ពិតណាស់ផ្តួចផ្តើមរៀបចំដោយរដ្ឋាភិបាលកម្ពុជា-ចិនមែន ប៉ុន្តែក៏មានរោងចក្រសហគ្រាសពីអាមេរិក ពីបារាំង អឺរ៉ុប ពីប្រទេសផ្សេងៗមកនៅទីនេះ បានន័យថា យើងយកទាំងអស់ អត់មានប្រកាន់រើសអើងអ្នកណាទេ ។ តើយើងរើសអើងអី បើសិនជាប្រទេសមហាអំណាចអត់រើសអើងគ្នាផង គេធ្វើការជាមួយគ្នា”។

បើតាមការបញ្ជាក់ពីលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងមួយឆ្នាំៗមានអ្នកវិនិយោគ មកពីក្រៅប្រទេសបានដាក់ទុនបង្កើតរោងចក្រនៅកម្ពុជាជាបន្តបន្ទាប់ ។ ជាក់ស្តែង ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ រោងចក្រកើនឡើងប្រមាណជិត៦០០ ខណៈប្រាក់ឈ្នួលសរុបរបស់កម្មករប្រចាំឆ្នាំមានជិត៦ពាន់លានដុល្លារ៕

To Top