ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្ដល់អនុសាសន៍ ឲ្យធ្វើពង្រាងវិសោធនកម្មលក្ខន្តិកៈ សមាគមអតីតយុទ្ធជន ឲ្យមានវិសាលភាព គ្របដណ្តប់ទៅលើនិវត្តជនទាំងអស់ ដោយរួមបញ្ចូលទាំងមន្ត្រី រាជការចូលនិវត្តន៍ គ្រូបង្រៀនចូលនិវត្តន៍ និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទចូលនិវត្តន៍ ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានមានប្រសាសន៍ក្រោយបញ្ចប់កិច្ចប្រជុំ ក្រុមការងារព័ត៌មានផ្សព្វផ្សាយ របស់សមាគមអតីតយុទ្ធជនកម្ពុជា (C.V.A) នៅថ្ងៃ២២ ឧសភាថា ការផ្តល់អនុសាសន៍របស់សម្តេចតេជោនេះ ដើម្បីសំដៅដល់ការគ្រប់គ្រង ទៅលើដំណើរការរបស់និវត្តជនទាំងអស់ ដោយមិនទុកឲ្យពួកគាត់ម្នាក់ណាចោលនោះទេ គឺត្រូវតែមានសកម្មភាពជួយជ្រោមជ្រែង និងឧបត្ថម្ភទៅតាមទិដ្ឋភាពជាក់ស្តែង ។

លោកគូសបញ្ជាក់ថា “សម្តេចតេជោបានលើកឡើង នូវចំណុចស្នូលសំខាន់ទាក់ទងការកែវិសោធនកម្មលក្ខន្តិកៈ អតីតសមាគមយុទ្ធជនកម្ពុជា ។ ដោយសម្តេចបានផ្តល់អនុសាសន៍ ឲ្យមានការរៀបចំ ដើម្បីឈានទៅដល់ការវិសោធនកម្មលក្ខន្តិកៈ អតីតយុទ្ធជនកម្ពុជា ដើម្បីសំដៅធ្វើយ៉ាងណា ឈានទៅដល់ការគ្រប់គ្រង និងជួយជ្រោមជ្រែងបន្ថែមទៀត ដោយមិនចំពោះតែអតីតយុទ្ធជនកន្លងមកទេ ។ ប៉ុន្តែការផ្តល់អនុសាសន៍ ឲ្យកែលក្ខន្តិកៈនេះ ក្នុងគោលដៅដើម្បីបញ្ចូលនិវត្តជនទូទៅ ដែលក្នុងនោះសំដៅទៅលើមន្រ្តីរាជការស៊ីវិល រួមទាំងកម្លាំងប្រដាប់អាវុធ ឲ្យមកចូលនៅក្នុងក្របខណ្ឌ នៃសមាគមនេះដែរ” ។

លោកថា នេះហើយគឺជាទឹកចិត្តសណ្តោះប្រណី របស់សម្តេចតេជោ ក្នុងការយកចិត្តទុកដាក់ទៅមន្រ្តី ចូលនិវត្តទាំងអស់៕


