ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃពុធនេះ បានជំរុញឱ្យសហរដ្ឋអាមេរិក បោះបង់ចោលការអភិវឌ្ឍន៍ និងការដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីលសកល Golden Dome” ហើយចាត់វិធានការជាក់ស្តែង ដើម្បីបង្កើនទំនុកចិត្តជាយុទ្ធសាស្ត្រ រវាងប្រទេសធំៗ និងរក្សាស្ថិរភាពជាយុទ្ធសាស្ត្រសកល។
អ្នកនាំពាក្យចិនលោកស្រី ម៉ៅ នីង បានធ្វើការកត់សម្គាល់ ជាការឆ្លើយតបទៅនឹងផែនការ របស់សហរដ្ឋអាមេរិកក្នុងការសាងសង់ ខែលការពារមីស៊ីល “Golden Dome” ពីលើសហរដ្ឋអាមេរិក។
លោកស្រីបានលើកឡើងថា “Golden Dome” មានបំណងបង្កើតប្រព័ន្ធខែល ការពារមីស៊ីលពហុស្រទាប់ និងពហុដែន ដែលមិនមានការរារាំង ដោយបន្ថែមថា ខ្លួនគ្រោងនឹងពង្រីកឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិក សម្រាប់ប្រតិបត្តិការប្រយុទ្ធនៅទីអវកាស រួមទាំងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ (R&D) និងការដាក់ពង្រាយប្រព័ន្ធស្ទាក់ចាប់តាមគន្លង។
លោកស្រីបានលើកឡើងថា “នោះផ្តល់ឱ្យគម្រោងនូវលក្ខណៈវាយលុកដ៏ខ្លាំងក្លា និងរំលោភលើគោលការណ៍នៃការប្រើប្រាស់ ដោយសន្តិវិធីនៅក្នុងសន្ធិសញ្ញាអវកាសខាងក្រៅ។ គម្រោងនេះនឹងបង្កើនហានិភ័យនៃការប្រែក្លាយ លំហអាកាសទៅជាតំបន់សង្គ្រាម និងបង្កើតការប្រកួតប្រជែងអាវុធអវកាស និងធ្វើឱ្យរង្គោះរង្គើប្រព័ន្ធសន្តិសុខ និងការគ្រប់គ្រងអាវុធអន្តរជាតិ”។
លោកស្រីបានបន្ដថា នេះនៅតែជាគំនិតផ្តួចផ្តើម “America First” មួយផ្សេងទៀត ដែលដាក់សន្តិសុខដាច់ខាតរបស់សហរដ្ឋអាមេរិក លើសពីអ្វីទាំងអស់ ដោយបន្ថែមថាវាបំពានលើគោលការណ៍ “សន្តិសុខ ដែលមិនមានការថមថយសម្រាប់ទាំងអស់គ្នា” ហើយនឹងប៉ះពាល់ដល់តុល្យភាព និងស្ថិរភាពជាយុទ្ធសាស្រ្តសកល ៕
ប្រែសម្រួល ឈូក បូរ៉ា
