ភ្នំពេញ ៖ លោក ឯក ណាត ដាកាល់ (Ek Nath Dhakal) អគ្គលេខាធិការ នៃសន្និសិទ្ធប្រធានសភា នៃអន្តរសភា (ISC) បានលើកសរសើរ ពីវីរភាព របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាថា គឺជាមេដឹកនាំដ៏ឆ្នើមមួយរូប ដែលមាននការទទួលស្គាល់ទាំងនៅកម្ពុជា និងក្នុងពិភពលោក ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្រោយបញ្ចប់ជំនួប រវាងសម្តេចតេជោ និង លោក ឯក ណាត ដាកាល់ នាថ្ងៃ២៣ ឧសភា ថា អគ្គលេខាធិការនៃសន្និសិទ្ធប្រធានសភា នៃអន្តរសភាបានគូសរំលេចសរសើរ ចំពោះភាពជាអ្នកដឹកនាំ របស់សម្តេចតេជោកន្លងមក ជាពិសេសសម្តេចបានគាំទ្រ ដំណើររបស់ISCជាបន្តបន្ទាប់ ។
អ្នកនាំពាក្យគូសបញ្ជាក់ថា “ឯកឧត្តមបានសរសើរចំពោះមុខសម្តេចតេជោថា សម្តេចតេជោ គឺជាមេដឹកនាំដែលត្រូវបានទទួលស្គាល់ នៅក្នុងប្រទេសកម្ពុជា និងតំបន់រួមទាំងពិភពលោកទាំងមូល គឺភាពជាអ្នកដឹកនាំដ៏ឆ្នើមរបស់សម្តេច” ។

ទន្ទឹមនឹងនេះ លោក ឯក ណាត ក៏បានស្នើសុំការគាំទ្រ ពីសម្តេចតេជោឲ្យជួយជ្រោមជ្រែងដល់ ISC ដើម្បីក្លាយទៅជាសមាជិកអង្កេតការណ៍ របស់មហាសន្និបាតអន្តរសភា ហៅកាត់ថា អាយប៉ា នាពេលខាងមុខ ។

ចំពោះសំណើរនេះ ជាការឆ្លើយតប សម្តេចតេជោ បានបង្ហាញការពេញចិត្ត ក្នុងការគាំទ្រដល់សកម្មភាពនានារបស់ ISC ហើយសម្តេច ក៏បានផ្តល់អនុសាសន៍ដ៏មានតម្លៃ ទៅដល់ដំណើរការរបស់ ISC ផងដែរ ។

ជាមួយនឹងការកោតសរសើរ ពីវីរភាពរបស់សម្តេចតេជោ ឥស្សរជនឆ្នើម និងជាមេដឹកនាំដ៏ប៉ិនប្រសប់ក្នុងពិភពលោក ហើយបានដឹកនាំនាវាកម្ពុជា ឲ្យមានភាពល្បីរន្ទឺនៅទូទាំងសកលលោកផងដែរនោះ លោក ឯក ណាត ដាកាល់ ក៏បានទទួលអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចដើម្បីធ្វើយ៉ាងណា ឲ្យISC មានដំណើរការទៅដោយជោគជ័យ ដើម្បីបញ្ជ្រាបខ្លួន ចូលជាមួយស្ថាប័នអន្តរជាតិនានាបន្ថែមទៀត៕

