ភ្នំពេញ ៖ ក្នុងឱកាសទទួលស្វាគមន៍ និងជួបសំណេះសំណាល ជាមួយលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា និងប្រតិភូ នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ក្រុងហ្សឺណែវ លោកវេជ្ជបណ្ទិត Saia Ma’u Piukala នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បានកោតសរសើរ ដល់វិស័យសុខាភិបាលកម្ពុជា ចំពោះវឌ្ឍនភាពធំៗ ។

វិស័យសុខាភិបាលសម្រេចលទ្ធផលធំៗ ដែលនាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកលើកសរសើរនោះរួមមាន ៖ ការដាក់ចេញផែនទីចង្អុលបង្ហាញ ការគ្របដណ្តប់សុខភាពសាកល , ការផ្តល់ជាអាទិភាពចម្បងលើសុខភាពបឋម ជាមួយសកម្មភាពជា លទ្ធផលជាក់ស្តែងជាច្រើន ក្នុងសហគមន៍ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក សកម្មភាពអប់រំសុខភាព , ការរៀបចំផែនការយុទ្ធសាស្រ្ត សុខាភិបាលដំណាក់កាលទី៤ ឆ្នាំ២០២៥-២០៣៣ និងការដាក់ឲ្យដំណើរការផែនការ សកម្មភាពប្រយុទ្ធ បង្ការជំងឺមិនឆ្លង និងជំងឺមហារីក ជាដើម។

ឆ្លៀតក្នុងឱកាសសំណេះសំណាលនោះ នាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់វិភាគទាន រួមចំណែក សម្រាប់យុទ្ធនាការកៀគរ មូលនិធិទ្រទ្រង់សកម្មភាពមនុស្សធម៌ របស់អង្គការសុខភាពពិភពលោក ដែលនេះគឺជាកាយវិការ ដ៏ល្អប្រពៃនៃកម្ពុជា។ លោកនាយកប្រចាំតំបន់ ក៏បានជម្រាបអំពីស្ថានភាព របស់អង្គការសុខភាពពិភពលោក ដូចជាការកាត់បន្ថយថវិកាចំណាយ ដោយត្រូវធ្វើអាទិភាពកម្មវិធី ការកែសម្រួលរចនាសម្ព័ន្ធ តែទោះជាយ៉ាងណាក៏ដោយ អង្គការសុខភាពពិភពលោក ប្តេជ្ញាចិត្តបន្តគាំទ្រ សកម្មភាពសុខាភិបាលកម្ពុជា។

ជាការឆ្លើយតប សាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសុខភាពពិភពលោក ដែលនៅតែបន្តចូលរួមជាមួយកម្ពុជា ក្នុងការឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងថវិកា ជូនដល់វិស័យសុខាភិបាល ជាពិសេសកម្មវិធីសំខាន់ៗ ដូចជា ការថែទាំសុភាពបឋម , ការលុបបំបាត់ជំងឺគ្រុនចាញ់ ជំងឺអេដស៍ ជំងឺរបេង , ការប្រយុទ្ធនឹងជំងឺមិនឆ្លង ជាដើម។ ជាមួយគ្នានេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានស្វាគមន៍ដំណើរទស្សនកិច្ចនៅកម្ពុជា ម្តងទៀត របស់លោកនាយកប្រចាំតំបន់ក្នុងឆ្នាំ២០២៥នេះផងដែរ៕








