ព័ត៌មានជាតិ

ធនាគារពិភពលោក បន្តជួយគាំទ្រ និងជំរុញការលើកកម្ពស់ សេវាសុខាភិបាលកម្ពុជា

ភ្នំពេញ ៖ ក្នុងឱកាសលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកវេជ្ជបណ្ឌិត Juan Pablo នាយកសកលផ្នែកសុខភាព នៃធនាគារពិភពលោក និងជានាយកផ្នែកហិញ្ញវត្ថុសកល សម្រាប់ស្រ្តី កុមារ និងយុវវ័យប្រចាំនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ លោកវេជ្ជបណ្ឌិត Juan Pablo ប្តេជ្ញាចិត្តបន្តជួយគាំទ្រ និងជំរុញការលើកកម្ពស់ សេវាសុខាភិបាលកម្ពុជា ឲ្យកាន់តែប្រសើរឡើងថែមទៀត។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះធនាគារ ពិភពលោក ដែលបានឧបត្ថម្ភគាំទ្រ ដល់វិស័យសុខាភិបាលកម្ពុជា កន្លងមក ជាពិសេសកម្មវិធីលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល កម្មវិធីអាហាររូបត្ថម្ភ ការប្រយុទ្ធប្រឆាំង នឹងជំងឺមិនឆ្លង និងការបណ្តុះបណ្តាលធនធានមនុស្ស រួមទាំងការបណ្តុះបណ្តាលមុនពេលបំពេញការងារ។

សម្រាប់លោកវេជ្ជបណ្ឌិត Juan Pablo បានសម្តែងនូវការកោតសរសើរដល់កម្ពុជា ដែលតែងតែសហការយ៉ាងជិតស្និទ្ធ និងគាំទ្រធនាគារពិភពលោក ក្នុងការជំរុញលើកកម្ពស់សេវាសុខាភិបាលកម្ពុជា ព្រមទាំងប្តេជ្ញាបន្តឧបត្ថម្ភគាំទ្រដល់វិស័យសុខាភិបាលកម្ពុជា៕

To Top