កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានប្រកាសថា លោកបានបើកកិច្ចប្រជុំមួយ ដើម្បីរៀបចំ សម្រាប់ការផ្លាស់ប្តូរអ្នកទោស ១,០០០នាក់ជាមួយប្រទេសរុស្ស៊ី ។ នៅក្នុងការបង្ហោះ Telegram បន្ទាប់ពីកិច្ចប្រជុំនោះ លោក ហ្សេឡិនស្គី បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិលោក Rustem Umerov កំពុងត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀង ស្តីពីការផ្លាស់ប្តូរឈ្លើយសឹក ដែលបានឈានដល់នៅទីក្រុងអ៊ីស្ដង់ប៊ុល របស់តួកគី នៅថ្ងៃទី១៦ ខែឧសភា ។
លោកបានកត់សម្គាល់ថា ទីភ្នាក់ងារជាច្រើន របស់អ៊ុយក្រែន រួមទាំងការិយាល័យប្រធានាធិបតី សន្តិសុខការពារជាតិ និងសេវាសន្តិសុខ ត្រូវបានចូលរួមនៅក្នុងដំណើរការផ្លាស់ប្តូរ ។ លោក ហ្សេឡិនស្គី បានលើកឡើងថា “យើងកំពុងបញ្ជាក់ពីព័ត៌មានលម្អិត សម្រាប់បុគ្គលម្នាក់ៗដែលមាននៅក្នុងបញ្ជី ដែលដាក់ដោយភាគីរុស្ស៊ី”។
លោកបានសង្កត់ធ្ងន់ថា ការវិលត្រឡប់របស់ជនជាតិអ៊ុយក្រែន ដែលជាប់ឃុំឃាំងរុស្ស៊ី នៅតែជាអាទិភាពកំពូលមួយរបស់ប្រទេស។ ចាប់តាំងពីខែមីនាឆ្នាំ២០២២ អ៊ុយក្រែន និងរុស្ស៊ីបានធ្វើការផ្លាស់ប្តូរអ្នកទោសចំនួន ៦៤ ដែលក្នុងនោះមានជនជាតិអ៊ុយក្រែនជាង ៤,៧០០ នាក់ត្រូវបានដោះលែង ៕
ប្រែសម្រួល ឈូក បូរ៉ា
