ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់ហើយថា គ្មានកិច្ចព្រមព្រៀងដែលអាចធ្វើទៅបាននោះទេ ប្រសិនបើអាមេរិក ស្វែងរកការបញ្ចប់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម

AFP

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឲ្យដឹងថា នឹងមិនមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរនោះទេ ប្រសិនបើសហរដ្ឋអាមេរិក ព្យាយាមបញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់។ លោកបានធ្វើការកត់សម្គាល់នៅក្នុង បទសម្ភាសន៍ផ្ទាល់មួយជាមួយទូរទស្សន៍ IRIB ដែលគ្រប់គ្រងដោយរដ្ឋ នៅមុនការចរចានុយក្លេអ៊ែរ ដោយប្រយោលលើកទី៥ រវាងគណៈប្រតិភូអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅទីក្រុងរ៉ូម នៅថ្ងៃសុក្រ។

លោកបានលើកឡើងថា “ភាពខុសគ្នាជាមូលដ្ឋាននៅតែមានរវាងពួកយើង។ ភាគីអាមេរិក មិនជឿលើការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម នៅក្នុងប្រទេសអ៊ីរ៉ង់នោះទេ។ ប្រសិនបើនេះជាគោលបំណងរបស់ពួកគេ នោះនឹងមិនមានកិច្ចព្រមព្រៀងនោះទេ” ។ លោកបានបន្ដថា “ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើពួកគេស្វែងរកថា អ៊ីរ៉ង់មិនឆ្ពោះទៅរកអាវុធនុយក្លេអ៊ែរទេ នេះអាចសម្រេចបាន។ យើងមិនស្វែងរកអាវុធនុយក្លេអ៊ែរនោះទេ” ។

លោក Araghchi បានកត់សម្គាល់ថាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលបានចុះហត្ថលេខារវាងអ៊ីរ៉ង់ និងប្រទេសមួយចំនួនទៀតនៅក្នុងឆ្នាំ២០១៥ លែងមានប្រសិទ្ធភាពទៀតហើយ “ប៉ុន្តែវាមិនមែនមានន័យថា កិច្ចព្រមព្រៀងនេះបានស្លាប់នោះទេ” ដោយបន្ថែមថាកិច្ចព្រមព្រៀង ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយ រួមអាចនឹងត្រូវបានរស់ឡើងវិញ។

ទោះបីជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹងមិនបោះបង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន រួមទាំងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមផងដែរ។ អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានធ្វើ កិច្ចចរចាដោយប្រយោលចំនួនបួនជុំ ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងការដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិកចាប់តាំងពីខែមេសា។ ថ្មីៗនេះ មន្ត្រីអាមេរិកបានទាមទារម្តងហើយម្តងទៀតឱ្យអ៊ីរ៉ង់ បញ្ឈប់សកម្មភាពចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួនទាំងស្រុង ដែលជាសំណើដែលទីក្រុងតេអេរ៉ង់ បានច្រានចោលយ៉ាងម៉ឺងម៉ាត់ ដោយទទូចថាបញ្ហានេះគឺ “មិនអាចចរចាបាន” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top