ព័ត៌មានអន្តរជាតិ

ទីក្រុងមូស្គូ និងទីក្រុងគៀវ ចាប់ផ្តើមធ្វើការដោះដូរអ្នកទោស ក្នុងចំនួនកំណត់ត្រាថ្មី

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានចាប់ផ្តើមផ្លាស់ប្តូរអ្នកទោស ដែលជាផ្នែកមួយនៃការផ្លាស់ប្តូរដ៏សំខាន់មួយ ដែលបានព្រមព្រៀងគ្នាកាលពីសប្តាហ៍មុន។

យោងតាមក្រសួងការពារជាតិនៅទីក្រុងមូស្គូ ភាគីទាំងពីរបានបញ្ជូនទាហាន ២៧០នាក់ និងជនស៊ីវិលប្រមាណជា ១២០នាក់មកវិញកាលពីថ្ងៃសុក្រហើយ វា​បាន​បន្ថែម​ថា ការ​ដោះដូរ​នេះ​នឹង​បន្ត​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខនេះ។

យោងតាមក្រសួងបានឱ្យដឹងថា ទាហាន និងជនស៊ីវិលរុស្ស៊ីដែលត្រូវបានដោះលែង ពីការជាប់ឃុំឃាំងរបស់អ៊ុយក្រែន បច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសបេឡារុស្ស ដែលជាសម្ព័ន្ធមិត្ត និងអ្នកជិតខាងដ៏ជិតស្និទ្ធរបស់រុស្ស៊ី។

យោធារុស្ស៊ីបាននិយាយថា អ្នកស្រុកនៅតំបន់ព្រំដែន Kursk របស់រុស្ស៊ីដែលត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលការលុកលុយដែលបានចាប់ផ្តើម ដោយកងទ័ពអ៊ុយក្រែនកាលពីឆ្នាំមុន គឺស្ថិតក្នុងចំណោមអ្នកដែលបានប្រគល់មកវិញ ជាផ្នែកមួយនៃការផ្លាស់ប្តូរលើកនេះ។

ចាប់តាំងពីពេលនោះមក កងកម្លាំងរបស់ទីក្រុងគៀវនៅក្នុងតំបន់ Kursk ត្រូវបានរុញច្រានចេញទាំងស្រុងដោយទាហានរុស្ស៊ី ហើយតំបន់ដែលត្រូវបានរំដោះថ្មីៗនេះ ត្រូវបានប្រធានាធិបតី Vladimir Putin ធ្លាប់បានមកបំពេញទស្សនា កាលពីដើមសប្តាហ៍នេះផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top