ព័ត៌មានជាតិ

ចាប់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីលួចគ្រប់គ្រងគណនី Telegram គេហើយ បានផ្ញើសារឆបោកប្រាក់ ៤០លានរៀល

ភ្នំពេញ៖ កម្លាំងជំនាញនគរបាល នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីលួចគ្រប់គ្រងគណនីTelegramគេហើយ បានផ្ញើសារឆបោកប្រាក់ពីជនរងគ្រោះអស់ចំនួន ៤០លានរៀល។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។

យោងតាមបញ្ជាដឹកនាំរបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីលួចគ្រប់គ្រងគណនីTelegram ហើយបានបន្លំខ្លួនជាម្ចាស់គណនីផ្ញើសារទៅអ្នករកស៊ីជាមួយដែលស្គាល់គ្នា ដែលនេះឧបាយកលឆបោកប្រាក់ពីជនរងគ្រោះអស់ចំនួន ៤០លានរៀល។

ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១រូប ឈ្មោះ ផ.ម.ល ភេទប្រុស។ តាមការស្រាវជ្រាវ ជំនាញកំណត់បានថា ជនសង្ស័យពិតជាបានទទួលប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ ហើយធ្វើការផ្ទេរប្រាក់បន្តទៅជនមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ តាមបញ្ជារបស់ជនអនាមិក ដោយទទួលបាននូវផលកម្រៃអំពើឆបោកប្រាក់ខាងលើ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹកដល់សាធារណជន ប្រុងប្រយ័ត្ន មុននឹងធ្វើការផ្ទេរប្រាក់ទៅកាន់គណនីធនាគារណាមួយ សូមពិនិត្យឲ្យបានជាក់លាក់ នូវគណនីធនាគារអ្នកទទួល និងធ្វើការបញ្ជាក់ពីម្ចាស់គណនីទទួលប្រាក់ផងដែរ ជៀសវាងការខាតបង់ផលប្រយោជន៍ផ្សេងៗដោយប្រការណាមួយ។ ម្យ៉ាងវិញទៀត សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការទទួលប្រាក់ដែរផ្ទេរចូលដោយគ្មានប្រភពច្បាស់លាស់ ដែលអាចក្លាយខ្លួនជាអ្នកសមគំនិតក្នុងការទទួលផលនៃបទល្មើស៕

To Top