ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន៖ ការចូលរួមប្រារព្ធ “ទិវាជាតិនៃការចង់ចាំ” គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់អនាគតកូនចៅជំនាន់ក្រោយ

កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស បានលើកឡើងថា ការចូលរួមប្រារព្ធទិវា “ទិវាជាតិនៃការចង់ចាំ” គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់អនាគតកូនចៅជំនាន់ក្រោយ ដែលទិវានេះ មិនគ្រាន់តែរំលឹកអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែជាមេរៀនប្រវត្តិសាស្ត្រ នៃការបែកបាក់ និងឈឺចាប់ ដែលដានប្រវត្តិសាស្ត្រត្រូវតែចៀសវាងមិនឱ្យកើតមាននាពេលបច្ចុប្បន្ន និងពេលអនាគត។

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសលោក អញ្ជើញជាអធិបតីប្រារព្ធពិធី “ទិវាជាតិនៃការចងចាំ” ដើម្បីរំលឹកវិញ្ញាណក្ខន្ធដល់អ្នកដែលបានស្លាប់នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់គណបក្សស្រុកទឹកផុស ។

ជាមួយគ្នានេះ លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការអរគុណសន្តិភាព, អរគុណនយោបាយឈ្នះឈ្នះ, និងដឹងគុណស្ថាបនិកមគ្គុទេសក៏ឯក និងប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព ឯកភាពជាតិពេញលេញ ដោយការយកជីវិតធ្វើជាដើមទុន របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥស្សរជនស្នេហាជាតិជាច្រើនរូបទៀត។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកប្រធានក្រុមការងារ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនាស្រឡាញ់ជ្រាលជ្រៅនិងពរសព្ទសាធុការ ពីសំណាក់ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះឈ្នះ បិតាស្ថាបនិកសន្តិភាពនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្ស និងលោកជំទាវបណ្ឌិត ជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់ដែលមានវត្តមានក្នុងពិធីនេះ។

លោកប្រធានក្រុមការងារ បានលើកឡើងថា ការចូលរួមប្រារព្ធទិវា “ទិវាជាតិនៃការចង់ចាំ” គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់អនាគតកូនចៅជំនាន់ក្រោយ ដែលទិវានេះ មិនគ្រាន់តែរំលឹកអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែជាមេរៀនប្រវត្តិសាស្ត្រ នៃការបែកបាក់ និងឈឺចាប់ ដែលដានប្រវត្តិសាស្ត្រ ត្រូវតែចៀសវាង មិនឱ្យកើតមាននាពេលបច្ចុប្បន្ន និងពេលអនាគត។

លោកប្រធានក្រុមការងារ បានផ្ដល់អនុសាសន៍ជូនដល់ សមាជិក សមាជិកា ទាំងអស់ឱ្យចូលរួមយ៉ាងសកម្មក្នុងការទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ និងការកសាងសង្គមជាតិ ទៅអនាគត ដោយត្រូវចងចាំទុក និងចូលរួមទប់ស្កាត់ការវិលត្រឡប់ របបប្រល័យពូជសាសន៍ ដូចខាងក្រោម៖

១. ត្រូវយកខ្លឹមសារដែលមានក្នុងសារលិខិតរបស់សម្ដេចបវរធិបតី និងស្មារតីនៃអង្គប្រជុំនាថ្ងៃនេះ ទៅផ្សព្វផ្សាយបន្ដនៅតាមមូលដ្ឋានឱ្យបានទូលំទូលាយ ដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ដឹងនិងចងចាំនូវនូវប្រវត្តិសាស្ដ្រដ៏មានសារៈសំខាន់នេះ
២. ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងជិតស្និទ្ធ ទាំងក្នុងការងារ និងអ្នកជិតខាងក្នុងសហគមន៍
៣. ត្រូវចូលរួមថែរក្សាសុខសន្តិភាព និងចលនាសន្តិភាព តាមរយៈការចូលរួមអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព
៤. ត្រូវចូលរួមផ្សព្វផ្សាយគុណតម្លៃនៃសន្តិភាព ថែរក្សាសមិទ្ធផលដែលបានកសាងជាង ៤៦ឆ្នាំកន្លងមកនេះឱ្យគង់វង្ស, ការពារឱ្យបានដាច់ខាតតួអង្គ សម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ ទាំងសន្តិសុខ កិត្តិយស និងកេរ្តិ៍ឈ្មោះ ព្រមទាំងចូលរួមកំចាត់នយោបាយជ្រុលនិយម តាមរយៈការអនុវត្តច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។
៥. ត្រូវចូលរួមឱ្យសកម្មក្នុងការកសាងសង្គមជាតិឱ្យមានភាពស៊ីវិល័យ តាមរយៈធ្វើជាគំរូល្អមានគុណធម៌ សុជីវធម៌ សីលធម៌ ដែលស័ក្ដិសមជាមូលធនមនុស្សនៃកម្ពុជា ដែលមានបេះដូងសន្តិភាព។
៦. ត្រូវគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោជាប្រធានគណបក្ស និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតីជានាយករដ្ឋមន្ត្រី ដោយខិតខំបំពេញតួនាទី ភារកិច្ចឱ្យកាន់តែសកម្ម និងទទួលខុសត្រូវខ្ពស់ ដើម្បីប្រែក្លាយប្រទេសដែលជាអតីតវាលពិឃាត និងសមរភូមិ ទៅជាប្រទេសអភិវឌ្ឍន៍រីកចម្រើន ចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ឱ្យបានជោគជ័យ៕

To Top